លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា រូបលោកក៏ដូចជាភរិយាដែលជាមេធាវីតែងតែគាំទ្រនិងលើកទឹកចិត្តមេធាវីជានារីក្នុងការចូលរួមដឹកនាំគណៈមេធាវី ជាពិសេសការចូលរួមបម្រើវិស័យយុត្តិធម៌ និងចូលរួមលើកតម្កើងឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។
ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ កាលពីថ្ងៃទី៨ មីនា ម្សិលមិញនេះ នាទីស្នាក់ការគណៈមេធាវី លោក លី ច័ន្ទតុលា បានបញ្ជាក់ថា ដើម្បីឱ្យការអនុវត្តការងារខាងលើនេះអាចសម្រេចបាននោះ ក្នុងនាមជាប្រធានគណៈមេធាវីលោកបានដាក់ចេញនូវគោលនយោបាយនិងសកម្មភាពជាច្រើនដើម្បីគាំទ្រការងារខាងលើនេះផងដែរ។
ក្នុងនោះសមាជិកក្រុមប្រឹក្សាគណៈមេធាវី ៣៣រូប មានសមាជិកាចំនួន ៨រូប ស្មើនិង ២៤,២៤%។ បើប្រៀបធៀបជាមួយសមាជិកាក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី៩ គឺកើន ៣រូប ស្មើនឹង៦០%។ ដោយឡែកសមាជិកគណៈមេធាវីចំនួន ២,៥២៩រូប មានមេធាវីជានារីចំនួន ៦២៤រូប ស្មើនិង២៤,៨៤%។ នេះបើតាមការបញ្ជាក់របស់លោក លី ច័ន្ទតុលា។
បើតាមលោក លី ច័ន្ទតុលា តួលេខដែលបង្ហាញខាងលើនេះ បានបង្ហាញឱ្យឃើញថា គណៈមេធាវីបានអនុវត្តគោលការណ៍សមភាពយេនឌ័រលើគ្រប់រចនាសម្ព័ន្ធ និងគ្រប់សកម្មភាពរបស់ខ្លួន តាមរយៈការលើកទឹកចិត្ត និងការផ្តល់ឱកាសដល់នារីក្នុងការចូលរួមទាំងក្នុងវិជ្ជាជីវៈ ទាំងក្នុងសកម្មភាព និងទាំងក្នុងការផ្តល់ឱកាសការងារនៅក្នុងគណៈមេធាវី។
លោក បានសង្កត់ធ្ងន់ថា “សមិទ្ធផលទាំងអស់របស់គណៈមេធាវី គឺពិតជាមានការចូលរួមចំណែកយ៉ាងសកម្មពីមេធាវីនិងបុគ្គលិកគណៈមេធាវីជានារីទាំងអស់”។
ជាមួយគ្នានេះដែរ លោកក៏លើកទឹកចិត្តដល់មេធាវីជានារីទាំងអស់ឱ្យបន្តចូលរួមលើកតម្កើងឧត្តម និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី ការពារយុត្តិធម៌ និងលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់នារី ឱ្យស័ក្តិសមទៅនឹងតម្លៃរបស់ស្រ្តីដែលសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកថា “ស្រ្តីជាត្បូងមានតម្លៃ” “ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ”៕