កម្ពុជា-អាមេរិក សន្យាពង្រីកបន្ថែម នូវកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក

ភ្នំពេញ៖ កម្ពុជា-អាមេរិក បានបញ្ជាក់ជំហរជាថ្មី នូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ទៅវិញទៅមក លើវិស័យផ្សេងៗ រួមទាំង ពាណិជ្ជកម្មនិងវិនិយោគ ជំនួយអភិវឌ្ឍន៍ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។នេះបើយោងតាម ជំនួបរវាងលោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកស្រីមេលីសា ប្រោន (Melissa A. Brown) ឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកការិយាល័យកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការបរទេស។

ក្នុងឱកាសនោះ លោក សុខ ចិន្តាសោភា បានបង្ហាញនូវគោលនយោបាយដែលផ្ដោតលើប្រជាពលរដ្ឋ និងអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលថ្មី រួមមាន ការថែទាំសុខភាព ការអប់រំនិងបណ្តុះបណ្តាល និង ការបង្កើតការងារ។

ជាមួយគ្នានោះ លោក សុខ ចិន្តាសោភា ក៏បានថ្លែងអំណរគុណចំពោះទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលបានជួយគាំទ្រដល់វិស័យមួយចំនួនខាងលើ។

ស្របពេលជាមួយគ្នានោះផងដែរ ទន្ទឹមនឹងទទួលស្គាល់នូវកិច្ចសហប្រតិបត្តិការគួរឱ្យចាប់អារម្មណ៍ជាច្រើនរវាងសហរដ្ឋអាមេរិក និង កម្ពុជា លោកស្រី មេលីសា ប្រោន បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបន្តកិច្ចសហប្រតិបត្តិការទាំង នោះធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងស្វែងរកកាលានុវត្តភាពសម្រាប់ភាពជាដៃគូថ្មីៗបន្ថែមទៀត។
លោកស្រី ឧបការីរង បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងប្រកាន់យកវិធី សាស្ត្របែបសន្តនិយមចំពោះទំនាក់ទំនងសហរដ្ឋអាមេរិក-កម្ពុជា ។

លើសពីនេះទៀត ភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរទស្សនៈ ស្ដីពីបញ្ហាតំបន់និងអន្តរជាតិ ដែលជាប្រយោជន៍រួមទាំង តួនាទីរបស់កម្ពុជា នាពេលខាងមុខ ជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនង ដៃគូសន្ទនាអាស៊ាន សហរដ្ឋអាមេរិក។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកស្រី មេលីសា ប្រោន បានគូសបញ្ជាក់ថា កេរ្តិ៍ឈ្មោះដ៏ល្អរបស់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ានកន្លងមក និងវិធីសាស្ត្របែបស្ថាបនារបស់កម្ពុជាចំពោះវិបត្តិអ៊ុយក្រែន នឹងបង្កភាព ងាយស្រួលដល់កិច្ចសន្ទនា។ សហរដ្ឋអាមេរិកក៏នឹងខិតខំជួយគាំទ្រតួនាទីរបស់កម្ពុជា ជាប្រធាននៃ កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥នៃអនុសញ្ញាស្តីពីការហាមប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនផងដែរ។

តាមរយៈកិច្ចពិភាក្សាខាងលើ បានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនរួចជាស្រេចរបស់ភាគីទាំងពីរ ក្នុង ការបន្តកិច្ចសន្ទនាជាមួយគ្នាលើប្រធានបទជាច្រើន រួមទាំងប្រធានបទដែលភាគីទាំងពីរមានទស្សនៈ ផ្សេងគ្នា។ ភាគីទាំងពីរ បានគូសបញ្ជាក់នូវសារៈសំខាន់នៃតម្រូវការឱ្យមានការជឿទុកចិត្ត និងការ ប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកក្នុងនាមជាដៃគូ៕