រដ្ឋាភិបាលគ្រោងបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅចុងខែនេះ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបើកកិច្ចប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងប្រគល់ទទួលគ្រឿងចក្រលើកដាក់ទំនិញ និងកុងតឺន័រចល័តនៅគែមផែ នៅចុងខែធ្នូ ឆ្នាំ ២០២៣ នេះ ក្រោមក្របខ័ណ្ឌសហប្រតិបត្តិការពីរដ្ឋាភិបាលជប៉ុន ។

កិច្ចប្រជុំនេះ នេះធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ក្រោមវត្តមាន លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកាគណៈកម្មការជាច្រើនរូបផ្សេងទៀត។

នាឱកសនោះ លោកស្រី កុយ សុដានីថ្លែងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បី ពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ព្រមទាំងពិនិត្យមើលការងារផ្សេងៗ ដែលនៅសេសសល់។

ជាមួយគ្នានោះ លោកស្រី បានណែនាំឱ្យសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មាការទាំងអស់ សហការគ្នាឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ផ្តល់ព័ត៌មានទៅវិញទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេស ត្រូវអនុវត្តតាមតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូន សំដៅធានាឱ្យពិធីបើកការដ្ឋានសាងសង់ និងប្រគល់ទទួល អាចប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនគណៈអធិបតី និងអ្នកចូលរួម ទៅតាមផែនការដែលបានគ្រោងទុក។

សូមជម្រាបជូនថា៖ ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងប្រគល់ទទួលគ្រឿងចក្រលើកដាក់ទំនិញ និងកុងតឺន័រចល័តនៅគែមផែ ក្រោមក្របខ័ណ្ឌសហប្រតិបត្តិការពីរដ្ឋាភិបាលជប៉ុន គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព របស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕