សម្តេច ហ៊ុន ម៉ាណែត៖ ប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទនានា គឺតំណាងឱ្យព្រលឹងជាតិខ្មែរ ដែលពុំអាចកាត់ថ្លៃបាននោះទេ

ទីក្រុងតូក្យូ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានគូសបញ្ជាក់ថា ប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទនានា គឺតំណាងឱ្យព្រលឹងជាតិខ្មែរ ដែលពុំអាចកាត់ថ្លៃបានឡើយ ហើយរាជរដ្ឋាភិបាលគ្រប់អាណត្តិ តែងយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិរក្សមរណីយដ្ឋានអង្គរ និងប្រាង្គប្រាសាទនានាជាដើម។ សម្ដេចថ្លែងបែបនេះ ក្នុងជំនួបជាមួយលោក អិះហ៊ីហ្ស៉ាវ៉ា យ៉ូសហៃគី (Ishizawa Yoshiaki) ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស នៃសាកលវិទ្យាល័យសូហ្វីយ៉ា ដែលមានទីតាំងនៅទីក្រុងតូក្យូ កាលពីល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ក្នុងឱកាស លោក អិះហ៊ីហ្ស៉ាវ៉ា យ៉ូសហៃគី បានជម្រាបជូន សម្តេច អំពីវឌ្ឍនភាពរីកចម្រើនដែលរូបលោកផ្ទាល់ ក៏ដូចជាសាកលវិទ្យាល័យសូហ្វីយ៉ា បានចូលរួមចំណែកក្នុងការងារជួសជុលប្រាសាទអង្គរវត្ត និងប្រាសាទដ៏ទៃទៀតក្នុងខេត្តសៀមរាប រយៈកាលជាង ៣០ ឆ្នាំ កន្លងមកនេះ ប្រកបដោយមនោសញ្ចេតនាស្រលាញ់ និងកោតស្ញប់ស្ញែងចំពោះទេពកោសល្យរបស់បុព្វបុរសខ្មែរក្នុងការកសាងប្រាសាទទាំងនោះទ្បើង ។ ហើយសាកលវិទ្យាល័យសូហ្វីយ៉ា ក៏បានបើកមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស ប្រចាំខេត្តសៀមរាប ដើម្បីចែករំលែកបទពិសោធន៍លើការងារអភិរក្សជួសជុល និងគ្រប់គ្រងតំបន់បេតិកភណ្ឌ នៅតាមបណ្តាប្រាង្គប្រាសាទនានាក្នុងតំបន់អង្គរ និងតំបន់ព្រះវិហារ សម្រាប់បម្រើដល់ការសិក្សាស្វែងយល់លើការអនុវត្តជាក់ស្តែង ។ ស្របពេលជាមួយគ្នានេះផងដែរ លោក អិះហ៊ីហ្ស៉ាវ៉ា យ៉ូសហៃគី ក៏បានស្នើសុំ សម្តេចធិបតី គាំទ្រដល់សាកលវិទ្យាល័យសូហ្វីយ៉ា របស់លោក ក្នុងការបន្តកិច្ចសហប្រតិបត្តិការជួសជុល និងកិច្ចការងារអភិរក្សក្នុងតំបន់រមណីយដ្ឋានអង្គរតទៅទៀត ។

ជាការឆ្លើយតប សម្តេចហ៊ុន ម៉ាណែត បានសម្តែងនូវការអរគុណដល់លោក អិះហ៊ីហ្ស៉ាវ៉ា យ៉ូសហៃគី និងសាកលវិទ្យាល័យសូហ្វីយ៉ា ដែលបានចូលរួមជួលជុល អភិរក្សប្រាង្គប្រាសាទ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ដែលនេះគឺជាកាយវិការនៃសេចក្តីស្រលាញ់តាមរយៈសកម្មភាពជាក់ស្តែង ក្នុងការជួយអភិរក្ស និងថែរក្សាប្រាង្គប្រាសាទទាំងនោះឱ្យនៅឋិតឋេរចីរកាលតទៅ។

ជាមួយគ្នានោះ សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល អាណតិ្តទី៧នេះ នៅតែបន្តកិច្ចសហការជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា ក្នុងការជួសជុលប្រាង្គប្រាសាទ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា តាមរយៈការជួយផ្តល់ការសម្របសម្រួលនានា សំដៅធ្វើយ៉ាងណាឱ្យកិច្ចការងារនេះដំណើរការទៅបានដោយរលូន។

លើសពីនេះទៀត សម្តេច នាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស នៃសាកលវិទ្យាល័យសូហ្វីយ៉ា ផងដែរថា «ប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទនានា គឺតំណាងឱ្យព្រលឹងជាតិខ្មែរ ដែលពុំអាចកាត់ថ្លៃបាន ហើយរាជរដ្ឋាភិបាលគ្រប់អាណត្តិ តែងយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិរក្សមរណីយដ្ឋានអង្គរ និងជីវភាពរបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់ជុំវិញ ដោយប្រកាន់នូវទស្សនាទាន អភិរក្សដើម្បីការអភិវឌ្ឍ អភិវឌ្ឍដើម្បីការអភិរក្ស»៕