ប្រធានគ.ជ.ប ប្តេជ្ញាបន្តដឹកនាំស្ថាប័ន គ.ជ.ប ឱ្យបានកាន់តែល្អប្រសើរឡើង

ភ្នំពេញ៖ ក្រោយទទួលបានជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) លោក ប្រាជ្ញ ចន្ទ  បាន ប្តេជ្ញាដឹកនាំស្ថាប័ន គ.ជ.ប ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី នៃការបោះឆ្នោតនីមួយៗ ឱ្យកាន់តែល្អ។ ការប្តេជ្ញារបស់ លោក ប្រាជ្ញ ចន្ទ  ធ្វើឡើង ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អាណត្តិថ្មីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្តម ប្រាជ្ញ ចន្ទថ្លែងថា៖«ក្នុ្ងងនាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ​ ដែលទើបទទួលបាននូវការតែងតាំងថ្មី ខ្ញុំសូមធ្វើការប្តេជ្ញាយ៉ាងមោះមុត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ថា រូបខ្ញុំ រួមជាមួយនឹងឯកឧត្តមអនុប្រធាន និងឯកឧត្តមសមាជិក គ.ជ.ប ទាំងអស់ នឹងខិតខំប្រឹងប្រែង យកអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ដើម្បីបន្តដឹកនាំស្ថាប័ន គ.ជ.ប ក្នុងការបំពេញតួនាទី ភារកិច្ចរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតនាពេលខាងមុខជាបន្តបន្ទាប់តាមការកំណត់នៃច្បាប់ ឱ្យបានកាន់តែល្អប្រសើរឡើង ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សំដៅធានាឱ្យការបោះឆ្នោតនីមួយៗប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងបង្កើនការជឿទុកចិត្តពីសំណាក់ម្ចាស់ឆ្នោត និងភាគីពាក់ព័ន្ធនានា» ។

លោក បញ្ជាក់ថបន្ថែមថា ចំពោះមុខនេះ បន្ទាប់ពីបានប្រកាសចូលកាន់តំណែងភ្លាម សមាសភាព គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី ត្រូវបន្តបេសកកម្មក្នុងការរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតអសកលចំនួនពីរនៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ គឺ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ស្របតាមកំណត់ច្បាប់ ។

លោកថ្លែងថា« ផ្អែកលើសមាសភាព គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអាណត្តិថ្មីនេះ រួមនឹងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញគ្រប់លំដាប់ថ្នាក់ ដែលជាសេនាធិការលើការងារបច្ចេកទេសប្រកបដោយ បទពិសោធន៍ ខ្ញុំមានជំនឿយ៉ាងមុតមាំថា យើងនឹងរៀបចំការបោះឆ្នោតអសកលទាំងពីរនេះបានដោយជោគជ័យ »។

ជាមួយគ្នានោះ លោក ប្រាជ្ញ ចន្ទ គូសបញ្ជាក់ថា ទោះបីជាក្នុងរយៈពេលចន្លោះពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ពុំមានការបោះឆ្នោតជាសកលយ៉ាងណាក្តី ក៏ គ.ជ.ប នៅតែបន្តពង្រឹងស្ថាប័ន ការងារអភិបាលកិច្ច និងការបង្កើនសមត្ថភាពដល់មន្រ្តីជំនាញគ្រប់លំដាប់ថ្នាក់ ឱ្យបានសមស្របតាមតម្រូវការការងារ និងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបនឹងសភាពការណ៍បច្ចុប្បន្ន និងអនាគត សំដៅឆ្ពោះទៅការរៀបចំការបោះឆ្នោតជាសកល ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៨ ឆ្នាំ២០២៨ ជាបន្តទៀត ។

រដ្ឋសភាកម្ពុជា នៅក្នុងសម័យប្រជុំ លើកទី ១ នីតិកាលទី ៧ កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៣ បាន បានបោះឆ្នោតជូនលោក ប្រាជ្ញ ចន្ទ ជាប់ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ជឺ ចំណាន ជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំនួន ៧រូបទៀត គឺ លោក មាន សទិ លោក ឌឹម សុវណ្ណារុំ លោក សោម សូរីដា លោក ហេង ស៊ីឡេង លោក យិច សមិទ្ធិ លោក ហ៊ែល សារ៉ាត់ និងលោក  ហង្ស ពុទ្ធា។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅគាត់ថា (គ.ជ.ប) មានសមត្ថកិច្ចក្នុងការធ្វើផែនការរៀបចំ និងចាត់ចែងការបោះឆ្នោតក្នុងទូទាំងប្រទេស ក្រោមបាវចនា ឯករាជ្យ អព្យាក្រឹត សច្ចៈ យុត្តិធម៌ តម្លាភាព៕