២០ថ្ងៃក្រោយការប្រកាស! ពលរដ្ឋជិត៩ម៉ឺននាក់ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស. តាមរបបភាគទានដោយស្ម័គ្រចិត្ត

ភ្នំពេញ៖ បន្ទាប់ពីប្រកាសបើកយុទ្ធនាការផ្សព្វផ្សាយស្តីពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត គិតមកដល់ត្រឹមថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ មានអាជីវករ អ្នករត់ម៉ូតូកង់បី អ្នករត់ម៉ូតូឌុប និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. សរុបប្រមាណជា ៨៨ ០០៥នាក់ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ក្នុងនោះបុគ្គលស្វ័យនិយោជន៍ (អាជីវករ អ្នករត់ម៉ូតូកង់បី អ្នករត់ម៉ូតូឌុប) មានចំនួន ៨៤ ៨៦៥នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ៣ ១៤០នាក់។ នេះបើយោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

តាមរយៈការស្ម័គ្រចិត្តមកចុះឈ្មោះចូលជាសមាជិក ប.ស.ស. របស់ប្រជាពលរដ្ឋយ៉ាងច្រើនខាងលើនេះ សបញ្ជាក់ឱ្យឃើញថា ពួកគេទាំងអស់ពិតជាបានយល់ច្បាស់ពីអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលក្រុមការងារបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះផ្សព្វផ្សាយក្នុងយុទ្ធនាការអស់រយៈពេលជាង ២០ថ្ងៃកន្លងទៅនេះ។

សូមបញ្ជាក់ថា គិតរហូតមកដល់ថ្ងៃនេះ គឺជាង២០ថ្ងៃហើយ នៃយុទ្ធនាការផ្សព្វផ្សាយរយៈពេល ៣០ថ្ងៃ ដែលបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស. តាមរបបភាគទានដោយស្ម័គ្រចិត្ត ពិសេស គឺការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ដែលបងប្អូនប្រជាពលរដ្ឋត្រូវទទួលបាន ពេលក្លាយជាសមាជិក ប.ស.ស. និងមានប្រជាពលរដ្ឋជាអាជិវករ អ្នករត់ម៉ូតូកង់បី អ្នករត់មូតូឌុប កម្មករ-និយោជិត រួមទាំងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. សរុបប្រមាណជា ១ ២៨៥ ២០៣នាក់ ស្មើនឹង ៤ ២៥៨លើក ដែលទទួលបានការផ្សព្វផ្សាយខាងលើ។

ប.ស.ស. នឹងបន្តពង្រីកការផ្សព្វផ្សាយរបស់ខ្លួនឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ កម្មករ-និយោជិត ពិសេសប្រជាពលរដ្ឋដែលជាអ្នកប្រកបរបរផ្ទាល់ខ្លួន (បុគ្គលស្វ័យនិយោជន៍) ទទួលបានការយល់ដឹងកាន់តែច្បាស់ និងស៊ីជម្រៅស្តីពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត ដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រកាសដាក់ឱ្យអនុវត្តនាពេលនេះ៕