ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បេជ្ញាបន្តចូលរួមយ៉ាងសកម្ម នៅក្នុងអង្គការ ICAPP ដើម្បីសម្រេចបេសកកម្មរួមសម្រាប់តំបន់អាស៊ី

ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តចូលរួមយ៉ាងសកម្មនៅក្នុងអង្គការ ICAPP ដើម្បីសម្រេចបាននូវបេសកកម្មរួមសម្រាប់តំបន់អាស៊ី ដែលមានសន្តិភាព និងវិបុលភាព។សម្ដេចថ្លែងបែបនេះ ក្នុងជំនួបជាមួយលោក ជុង អ៊ីយ៉ុង (CHUNG Eui-yong) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងជាអតីតរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋកូរ៉េ កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

ក្នុងឱកាសនោះ លោក ជុង អ៊ីយ៉ុង បានជម្រាបជូន សម្តេចហ៊ុន ម៉ាណែត អំពីសកម្មភាពការងារសំខាន់ៗមួយចំនួនរបស់ ICAPP ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរទស្សនៈរវាងបណ្តាគណបក្សនយោបាយនៅក្នុងតំបន់អាស៊ី ។ ជាមួយគ្នានោះ លោក ក៏បានសម្តែងនូវការកោតសរសើរ និងអរគុណចំពោះកម្ពុជា ដែលជាប្រទេសទីមួយ បានទទួលធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាត ICAPP លើកទី ១២ និងកិច្ចប្រជុំពាក់ព័ន្ធ ជាលើកទី២ នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ខណៈដែលកម្ពុជា ធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាត ICAPP លើកទី ៦ ម្តងរួចមកហើយ កាលពីឆ្នាំ ២០១០ នៅរាជធានីភ្នំពេញ ។ លើសពីនេះតៀត អតីតរដ្ឋមន្រ្តីការបរទេសកូរ៉េ ក៏បានបង្ហាញនូវការជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេច នាយករដ្ឋមន្ត្រី គឺកម្ពុជានឹងបន្តការអភិវឌ្ឍរបស់ខ្លួនកាន់តែខ្លាំងក្លាទៅមុខបន្ថែមទៀត ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាក់ជាមិនខាន ។

ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ICAPP ដែលបានគាំទ្រចំពោះដំណើរការប្រជាធិបតេយ្យរបស់កម្ពុជា រួមទាំងការបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត មកចូលរួមដំណើរការបោះឆ្នោតនៅកម្ពុជាក្នុងបណ្តាអាណត្តិកន្លងមក ជាប់រហូតមកដល់អាណត្តិទី៧ នេះ ផងដែរ ។ វត្តមាន និងសេចក្តីថ្លែងការណ៍របស់អង្គការ ICAPP អំពីការពិតនៃទិដ្ឋភាពជាក់ស្តែងក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺពិតជាបានចូលរួមចំណែកក្នុងការការពារធម្មានុរូប ភាពត្រឹមត្រូវយុត្តិធម៌ និងអធិបតេយ្យភាពនៃការបោះឆ្នោតរបស់កម្ពុជា ។

ក្នុងន័យនេះ សម្តេច នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តចូលរួមយ៉ាងសកម្មនៅក្នុងអង្គការ ICAPP ដើម្បីសម្រេចបាននូវបេសកកម្មរួមសម្រាប់តំបន់អាស៊ី ដែលមានសន្តិភាព និងវិបុលភាព ក៏ដូចជាបានសម្តែងនូវការគាំទ្រចំពោះការទទួលធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា នៃមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ៕