ព្រះហាក្សត្រអំពាវនាវឱ្យបន្តលើកកម្ពស់សិទ្ធិជនមានពិការភាព ដោយមិនមានការរើសអើង

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់មានព្រះរាជបន្ទូល ធ្វើការអំពាវនាវ ដល់ប្រជារាស្រ្តទាំងអស់ ឱ្យបន្តលើកកម្ពស់សិទ្ធិ និង ការចូលរួមរបស់ជនមានពិការភាពកម្ពុជា ដោយមិនមានការរើសអើង ដើម្បីសង្គមមួយសម្រាប់ទាំងអស់គ្នា ពិសេសធ្វើឱ្យសិទ្ធិក្លាយជាការពិត។

តាមរយៈព្រះរាជសារ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៥និងអន្តរជាតិលើកទី៤១ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ព្រះករុណា ព្រះមហាក្សត្រ ទ្រង់មាន ការរំភើបនិងស្ងើចសរសើរចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះសុខុមាលភាពប្រជាជន ដោយបានដាក់ចេញនូវគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ សំដៅបង្កើតនិយតករសន្តិសុខសង្គមនិងមូលនិធិជាតិជំនួយសង្គម បង្កើនប្រសិទ្ធភាពសេវាកម្មប្រកបដោយ តម្លាភាព សមធម៌ និងបរិយាបន្ន ដែលជាការលើកកម្ពស់សុខុមាលភាពជនងាយរងគ្រោះ ជាពិសេស ជនមានពិការភាព មានលំនឹងជីវភាពរស់នៅកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ស្របតាមអភិក្រម មិនទុកឱ្យនរណាម្នាក់នៅដាច់ដោយឡែក។

ឆ្លៀតក្នុងឱកាសនោះ ព្រះករុណា ទ្រង់ ក៏មានព្រះរាជបន្ទូល ធ្វើការផ្តាំផ្ញើដល់ជនមានពិការភាពកម្ពុជាទាំងអស់ ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងស្វាធ្យាយ អភិវឌ្ឍចំណេះ ជំនាញឱ្យទាន់យុគសម័យអភិវឌ្ឍន៍ជឿនលឿន ពិសេសសម័យ បច្ចេកវិទ្យាទំនើបក្រោមដំបូលនៃសន្តិភាព ដើម្បីប្រកួតប្រជែងលើទីផ្សារការងារនិងមុខរបរ ឈានទៅ សម្រេចបាននូវគុណភាពជីវិតល្អប្រសើរ។

ជាមួយគ្នានោះ ព្រះករុណា ព្រះមហាក្សត្រ ទ្រង់មានព្រះរាជបន្ទូល បន្តថា «ក្នុងន័យនេះ ខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់បន្តលើកកម្ពស់សិទ្ធិ និង ការចូលរួមរបស់ជនមានពិការភាពកម្ពុជាយើងដោយមិនមានការរើសអើង ដើម្បីសង្គមមួយសម្រាប់ទាំង អស់គ្នា ពិសេសធ្វើឱ្យសិទ្ធិក្លាយជាការពិត។ ជនមានពិការភាពរបស់យើងត្រូវការភាពកក់ក្តៅ ស្រឡាញ់ រាប់អាន ដែលប្រការនេះគឺជាការលើកទឹកចិត្តដ៏ធំធេងក្នុងការអភិវឌ្ឍខ្លួនរបស់ពួកគាត់ ដោយមិនមានការ រើសអើងពីសង្គម និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីជនមានពិការភាពទទួលបានសិទ្ធិ ពេញលេញ»។

លើសពីនេះទៀត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានមានព្រះរាជបន្ទូលកោតសរសើរនិងអរព្រះគុណ ចំពោះសប្បុរសជនជាតិនិងអន្តរជាតិ ប្រទេសជាមិត្ត អង្គការជាតិនិងអន្តរជាតិ ដែលបានចូលរួមវិភាគទានជូនរាជរដ្ឋាភិបាលកម្ពុជានូវថវិកា ស្បៀង សម្ភារៈក្នុងការ ជួយសង្គ្រោះប្រជារាស្ត្រ ជាពិសេសជនមានពិការភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩កន្លងមក។

បន្ថែមពីនេះ ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គទ្រង់ ក៏បានធ្វើការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជា ដែលតែងតែផ្ដល់ក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ និងផ្តល់អាទិភាព ចំពោះ សុខុមាលភាពរបស់ជនមានពិការភាព ដែលជួបទុក្ខលំបាកនាពេលកន្លងមកផងដែរ៕