ក្រសួងវប្បធម៌ បើកសម្ពោធពិព័រណ៍រូបថតជាផ្លូវការ ក្រោមប្រធានបទ«ក្រឡេកមើលអង្គរ ៣ទសវត្សរ៍កន្លង»

ភ្នំពេញ៖ លោកខឹម ចន្ថា រដ្ឋលេខាធិការ តំណាងលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព សម្ពោធពិព័រណ៍រូបថត ក្រោមប្រធានបទ «ក្រឡេកមើលអង្គរ ៣ទសវត្សរ៍កន្លង»។

ពិព័រណ៍ដ៏មានសារៈសំខាន់នេះ ប្រារព្ធធ្វើឡើងរយៈពេល១៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២៣ នៅសារមន្ទីរខ្លែងខ្មែរ ក្នុងបរិវេណនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ ស្ថិតនៅលើបណ្តោយវិថីរដ្ឋសភាថ្មី (ខាងត្បូងរង្វង់មូលសម្តេចព្រះសង្ឃរាជ ជួន ណាត) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកខឹម ចន្ថា បានថ្លែងថា «ក្រឡេកមើលអង្គរ ៣ទសវត្សរ៍កន្លង»គឺជាប្រធានបទល្អ ដែលនាំឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ ជាពិសេស យុវជន និងក្មួយៗសិស្សានុសិស្ស បានចូលសិក្សាស្វែងយល់អំពីតំបន់អង្គរកាលពីជាង៣០ឆ្នាំមុន ពោលគឺក្នុងរវាង ទសវត្សទី៩០។

ជាមួយគ្នានោះ លោកខឹម ចន្ថា បានគូសបញ្ជាក់ថា ពិព័រណ៍រូបថតដែលនឹងបើកសម្ពោធថ្ងៃនេះ មានគោលបំណងសំខាន់ចំនួនបីគឺ៖ ទី(១).អបអរសាទរខួប៣១ឆ្នាំ នៃការបញ្ចូលតំបន់អង្គរទៅក្នុងបញ្ជីបេតិក ភណ្ឌពិភពលោក ទី(២). រំលឹកស្នាដៃរបស់អ្នកជំនាញថតរូបជប៉ុនឈ្មោះ Baku Saito ដែលបានផ្តិតយករូបភាព សំខាន់ៗ នៃរមណីយដ្ឋានអង្គរកាលពីជាង៣០ឆ្នាំមុន និងទី(៣) បើកឱកាសឱ្យយុវជនបានទស្សនាសិក្សាស្វែង យល់ពីឯកសាររូបថតដ៏សំខាន់ពាក់ព័ន្ធនឹងអង្គរកាលពី ៣ទសវត្សរ៍កន្លង។

ដូច្នេះគ្រប់ផ្ទាំងរូបថតដែលដាក់តាំង បង្ហាញនាពេលនេះ សុទ្ធសឹងជាឯកសារដ៏មានតម្លៃ និងជាស្នាដៃដ៏វិចិត្រក្នុងវិស័យសិល្បៈថតរូប ផ្តិតយកទិដ្ឋភាព សំខាន់ៗនៃប្រាសាទក្នុងតំបន់អង្គរ សម្រាប់ការសិក្សាស្វែងយល់ទូទៅ ជាពិសេសអំពីស្ថានភាពប្រាសាទបុរាណ ក្រោយសង្គ្រាមធៀបនឹងលទ្ធផលសព្វថ្ងៃ ក្រោមការខិតខំប្រឹងប្រែងថែទាំ ជួសជុល អភិរក្សរបស់អ្នកជំនាញខ្មែរ និង បរទេស។

លើសពីនេះទៀត លោក រដ្ឋលេខាធិការ បន្ថែមថា «តាមរយៈពិព័រណ៍រូបថតឯកសារថ្ងៃនេះ ខ្ញុំសូមឱ្យអ្នកជំនាញផ្នែកថតរូប ក៏ដូចជាក្មួយៗយុវជនជំនាន់ ក្រោយដែលមានទេពកោសល្យផ្នែកសិល្បៈថតរូប សូមចាប់ផ្ដើមផ្តោតប្រធានបទថតរូបពាក់ព័ន្ធនឹងប្រាសាទបុរាណ និងរមណីយដ្ឋានបុរាណនានា ដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយទៅកាន់ពិភពលោក ជាចំណែកនៃការ ទាក់ទាញទេសចរចូលមកកម្ពុជាឱ្យកាន់តែច្រើនឡើងបន្ថែមទៀត»។

ជាងនេះទៅទៀត លោកខឹម ចន្ថា យល់ឃើញថា នាយកដ្ឋានអភិវឌ្ឍន៍ គួរសិក្សាលើកគម្រោងរៀបចំពិព័រណ៍បែបនេះ ឱ្យបានកាន់តែទូលំទូលាយតាមបណ្តាខេត្តផ្សេងៗ ដើម្បីជាចំណែកនៃការ ផ្សព្វផ្សាយ និងបំផុសគំនិតសិក្សាស្វែងយល់ពីបុរាណដ្ឋានដល់យុវជនជំនាន់ក្រោយឱ្យបានច្រើន៕