ភ្នំពេញ៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹង ស្តីពី ការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរ កិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី១១)។
សេចក្ដីជូនដំណឹងបានឱ្យដឹងថា កម្មករនិយោជិតដែលបានព្យួរកិច្ចសន្យាការងារ ក្នុងខែសីហា ខែកញ្ញា និងខែតុលា ឆ្នាំ២០២៣ នៃរោងចក្រ ទាំង៥០ នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង នឹងផលិតផលិតផលធ្វើដំណើរនិងកាបូប (ដូចមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធ) ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃសេចក្តីណែនាំលេខ០២០/២៣ ក.ប/ស.ណ.ន.ខ.ល ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ស្តីពីការព្យួរកិច្ច សន្យាការងារកម្មករនិយោជិតធ្វើការនៅរោងចក្រក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើ ដំណើរនិងកាបូប ដែលរងផលប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចសកលជ្រាបថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងផ្ញើសារអំពី ការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទ ដែលបងប្អូនបានផ្តល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ នាពេលកន្លងមក។
សេចក្ដីជូនដំណឹងបញ្ជាក់ថា ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន ៨១ ០០០ រៀល (២០ដុល្លារ) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល៧ថ្ងៃ ដល់១៤ថ្ងៃ។ ១៦២ ០០០រៀល (៤០ដុល្លារ) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១៥ថ្ងៃ ដល់១ខែ។
ជាមួយគ្នានោះ ក្រសួងការងាររំលឹកថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាកម្មករ-និយោជិត ខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ២១ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរស័ព្ទពីធនាគារ វីង (ខេមបូឌា) ម.ក។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះបាន កម្មករ-និយោជិតត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរស័ព្ទដែលទទួលបានសារនោះ ទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត។
សូមបញ្ជាក់ថា សម្រាប់ការបើកប្រាក់ឧបត្ថម្ភនេះ កម្មករ-និយោជិត មិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយ ក្នុងករណី កម្មករ-និយោជិត ដែលបម្រើការងារនៅរោងចក្រទាំង៥០ខាងលើ មិនបានទទួលសារទូរស័ព្ទពីធនាគារ វីង (ខេមបូឌា) ម.ក នោះ សូមទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរស័ព្ទរបស់ខ្លួនទៅរដ្ឋបាលរោងចក្រ របស់ខ្លួន។ ក្រសួងនឹងបន្តជូនដំណឹងដល់កម្មករ-និយោជិតរោងចក្រដទៃផ្សេងទៀត ដែលទទួលបានការអនុញ្ញាត ព្យួរកិច្ចសន្យាការងារអំពីការបើកផ្តល់ប្រាក់ឧបត្ថម្ភនេះ៕