ភ្នំពេញ៖ សម្តេចប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បានមានប្រសាសន៍ថា ដើម្បីអាចបញ្ចប់ជំងឺអេដស៍បាន គឺទាមទារឱ្យមានការចូលរួមឱ្យបានពេញលេញ និងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
តាមរយៈសារលិខិត ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ ២០២៣ ក្រោមប្រធានបទ«សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍» សម្ដេច បានថ្លែងថា កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលឆ្ពោះទៅសម្រេចគោលដៅដែលជាមោទនភាពថ្មីមួយទៀត ដែលនោះ គឺជាការឈានទៅបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០២៥។
សម្ដេចប៊ុន រ៉ានី ហ៊ុនសែន មានប្រសាសន៍បន្តថា «ប្រធានបទ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ ២០២៣ សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅ បញ្ចប់ជំងឺអេដស៍ បានគូសបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីអាចបញ្ចប់ជំងឺអេដស៍បាន គឺ ទាមទារឱ្យមានការចូលរួម ឱ្យបានពេញលេញ និងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដូចដែលព្រះរាជា ណាចក្រកម្ពុជាយើង ធ្លាប់បាននិងកំពុងបន្តអនុវត្ត ក្នុងការឆ្លើយតបទូលំទូលាយ និងពហុវិស័យ ទៅនឹងមេរោគ អេដស៍/ជំងឺអេដស៍ ដោយមិនទុកនរណាម្នាក់ឱ្យនៅឯកោឡើយ និងការបង្កើតឱ្យមានមធ្យោបាយអប់រំ ផ្សព្វផ្សាយថ្មីៗដែលមានលក្ខណៈឌីជីថល»។
ជាមួយគ្នានោះ សម្ដេច ប្រធានកាកបាទក្រហម បានគូសបញ្ជាក់ថា ជាក់ស្ដែង ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជា រួមជាមួយនឹងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៅទូទាំងប្រទេស បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រជាតិបញ្ចប់ជំងឺអេដស៍ តាមរយៈការអប់រំផ្សព្វផ្សាយជាប្រចាំ, ការចុះ ប្រាស្រ័យទាក់ទងផ្ទាល់, ការផ្តល់ចំណេះដឹងតាមបណ្តាញសង្គម ដោយផ្តោតទៅលើបច្ចុប្បន្នភាពចំណេះដឹងពីស្ថានភាពមេរោគអេដស៍/ជំងឺអេដស៍, បញ្ហាប្រឈម, វិធានការបង្ការការចម្លងមេរោគអេដស៍, វិធានការស្វែងរក សេវាផ្តល់ប្រឹក្សានិងធ្វើតេស្តរកមេរោគអេដស៍ឱ្យបានទាន់ពេលវេលា, វិធានការស្វែងរកសេវាថែទាំនិងព្យាបាល និងវិធានការស្វែងរកការគាំទ្រ។ លើសពីនេះទៀត កាកបាទក្រហមកម្ពុជា បានកំណត់នូវអាទិភាពខ្ពស់ក្នុងការ ចូលរួមបញ្ចប់ការរើសអើងនិងមាក់ងាយទៅលើអ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍, កំពុងលើកទឹកចិត្ត និងគាំទ្រ ឱ្យមានការចូលរួមយ៉ាងសកម្មពីសំណាក់សហគមន៍, ពីអ្នករងគ្រោះផ្ទាល់, ជាពិសេសក្រុមប្រជាជនគន្លឹះ រួមគ្នា ជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល ចាប់តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ឱ្យចូលរួមឆ្លើយតបនៅក្នុងចរន្តជាតិតែមួយ។
ក្នុងឱកាសនោះ សម្ដេច ប្រធានកាកបាទក្រហម ក៏បានអំពាវនាវដល់ក្រុមបុរសរួមភេទជាមួយបុរស ក្រុមអ្នកបំប្លែងភេទ ក្រុមស្រ្តីបម្រើសេវានៅតាម គ្រឹះស្ថានកម្សាន្តសប្បាយមនុស្សពេញវ័យ។ ត្រូវចូលរួមក្នុងការអនុវត្តនូវវិធានការបង្ការការចម្លង មេរោគអេដស៍ឱ្យបានត្រឹមត្រូវ ដើម្បីសុខភាពផ្ទាល់ខ្លួន និងដើម្បីទប់ស្កាត់ការចម្លងថ្មី និងឈានទៅ បញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០២៥ ឱ្យបានសម្រេចជោគជ័យ៕