មន្ត្រីរដ្ឋសភាវៀតណាម៖ ដំណើរទស្សនកិច្ចស សម្តេច ឃួន សុដារី នៅវៀតណាម បង្ហាញពីមនោសញ្ចេតនាស្និទ្ធស្នាលនិងការជឿជាក់គ្នារវាងកម្ពុជា-វៀតណាម

ភ្នំពេញ៖ លោក Nguyen Duc Hai អនុប្រធានរដ្ឋសភាវៀតណាម និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាវៀតណាមកម្ពុជា ចាត់ទុកដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា អមដោយសមាជិកសមាជិកាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាអាណត្តិថ្មី មកកាន់ប្រទេសវៀតណាមនាពេលនេះ បានបង្ហាញពីមនោសញ្ចេតនាស្និទ្ធស្នាលដ៏ជ្រាលជ្រៅនិងការជឿជាក់គ្នារវាងប្រទេសទំាងពីរ។

លោក Nguyen Duc Hai បានចាត់ទុកបែបនេះ ក្នុងពេលលោក ចូលជួបសវនាការ ជាមួយ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជាអញ្ជើញដល់សាធារណរដ្ឋសង្គមនិយមវៀតណាម នៅរាត្រីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ  នៅសណ្ឋាគារដែលសម្តេចស្នាក់នៅ នាទីក្រុងហាណូយ។

ជាមួយគ្នានោះដែរ លោក Nguyen Duc Hai ចាត់ទុកថា ដំណើរទស្សនកិច្ចនេះ នឹងចូលរួមចំណែកដល់ការពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ  ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិឱ្យកាន់រឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។

លោក Nguyen Duc Hai  ក៏បានស្នើសូម  សម្តេចប្រធានរដ្ឋសភា  បន្តជួយជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឱ្យរឹងមាំនិងគ្រប់ជ្រុងជ្រោយឡើង ដូចជាការផ្លាស់ប្តូរដំណើរទស្សនកិច្ច ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងសមាជិកសភាវ័យក្មេង និងក្រុមមិត្តភាពសភាប្រទេសទំាងពីរឱ្យកាន់តែសកម្ម។

ជាការឆ្លើយតប សម្តេច ឃួន សុដារី បានគំាទ្រប្រសាសន៍លើកឡើងរបស់  លោក Nguyen Duc Hai អនុប្រធានរដ្ឋសភាវៀតណាម និង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតរបស់មិត្តវៀតណាម ជូនចំពោះគណៈប្រតិភូរដ្ឋសភាកម្ពុជាទំាងអស់នាឱកាសនេះ។

ជាមួយគ្នានោះដែរ សម្តេចបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស របស់ប្រទេសវៀតណាមក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់បក្សនិងរដ្ឋវៀតណាម។ ជាងនេះ ទៅទៀត សម្តេច បានរំលឹកពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងវៀតណាម ដែលបានបង្កើតឡើងដោយព្រះករុណាសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងលោកប្រធានហូជីមិញ ជាទំនាក់ទំនងក្នុងកាលៈទេសៈលំបាកហើយបានប្រកៀកស្មាគ្នាតស៊ូដើម្បីបញ្ចប់សង្រ្គាម ការបង្រួបបង្រួមទឹកដី និងការទទួលបានឯករាជ្យ។

បើតាម សម្តេច ឃួន សុដារី ទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងវៀតណាម មានលក្ខណៈពិសេស ដោយឈរលើមូលដ្ឋាននៃការគោរព ទុកចិត្តគ្នា និងការយោគយល់គ្នាទៅវិញទៅមក មិនត្រឹមតែរក្សាបាននូវមិត្តភាពជាអ្នកជិតខាងល្អ មានលក្ខណៈជាប្រពៃណីយូរអង្វែង កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាអមតៈ និងបាននាំមកនូវផលប្រយោជន៍ សន្តិភាពនិងការអភិវឌ្ឍសម្រាប់ប្រទេសទំាងពីរប៉ុណ្ណោះទេ ថែមទំាងបានចូលរួមចំណែកដល់ការកសាងសុខសន្តិភាព ស្ថិរភាពដល់ពិភពលោកថែមទៀត ជាពិសេសការជឿទុកគ្នា ការគោរពគ្នា យោគយល់គ្នា និងការគិតគូរពីប្រយោជន៍គ្នាទៅវិញទៅមក។

សូមជម្រាបថា  សម្តេច ឃួន សុដារី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចំនួនបីថ្ងៃ គឺពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣។ បន្ទាប់មកនឹងបន្តដំណើរទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ជាបន្តទៀត។  ដំណើរទស្សនកិច្ចជាផ្លូវការនិងមិត្តភាពលើកដំបូងរបស់ថ្នាក់ដឹកនាំរដ្ឋសភានីតិកាលទី៧  ទៅកាន់ប្រទេសជិតខាងនាពេលនេះ មិនត្រឹមបានពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងស្ថាប័នរដ្ឋសភាប៉ុណ្ណោះទេ ប៉ុន្តែនឹងចូលរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ជំរុញដល់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ទៀតផង៕