នៅថ្ងៃស្អែក គ.ជ.ប បិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៣

ភ្នំពេញ៖ លោក ហ៊ីង ធីឫទ្ធិ សមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)  បានថ្លែងថា បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹ​ងត្រូវលុបចេ​ញ​ពីបញ្ជីបោះឆ្នោតឆ្នាំ២០២៣ នឹងត្រូវបិទផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ការបិទផ្សា​យត្រូវធ្វើព្រមគ្នានៅគ្រប់ឃុំ សង្កាត់ទូទាំងប្រទេស ហើយបញ្ជីទាំងពីរនេះត្រូវបិទនៅ ទ​ន្ទឹ​ម​គ្នា​លើទីតាំងតែ​មួយ ដើម្បីឱ្យអ្នកបោះឆ្នោតងាយស្រួលក្នុងការពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័​យ​របស់ខ្លួន។

លោក ហ៊ីង ធីឫទ្ធិ សមាជិក គ.ជ.ប បានថ្លែងបែបនេះនៅកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ដើម្បី ផ្សព្វផ្សាយអំពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ការដាក់ ការទទួល និងការដោះស្រាយពាក្យ​បណ្តឹងពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូង នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣។

លោក ហ៊ីង ធីឫទ្ធិ ថ្លែងថា៖«ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នៅតាមឃុំ សង្កាត់ បានប​ញ្ច​​ប់ជាស្ថាពរ ដោយជោគជ័យ។ ប៉ុន្តែដំណើរការនៃការរៀបចំ បញ្ជីបោះឆ្នោត ឆ្នាំ២០២៣ មិនទាន់បញ្ចប់នៅឡើយទេ។ គ.ជ.ប ត្រូវធ្វើការបិទផ្សាយបញ្ជីបោះឆ្នោត ដំបូ​ង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ការដាក់ ការទទួល និង ការដោះស្រា​យពាក្យបណ្តឹងទាក់ទងនឹងបញ្ជីទាំងពីរនេះ និងការងារចុងក្រោយ គឺការផ្តល់សុពលភាព លើបញ្ជីបោះឆ្នោតផ្លូវ​ការ​»។

នាឱកាសនោះ លោក ហ៊ីង ធីឫទ្ធិ លើកឡើងថា បញ្ជីបោះឆ្នោតដំបូងដែលត្រូវបិទផ្សាយ នៅតាមឃុំ សង្កាត់ ត្រូវមានទិន្ន​ន័យសំ​ខា​ន់​ៗដូចខាងក្រោម៖​ឈ្មោះ និងលេខកូដរាជធានី ខេត្ត  ឈ្មោះ និងលេខកូដឃុំ សង្កាត់ និងឈ្មោះភូមិ ឈ្មោះទីតាំង និងលេខកូដការិយាល័យបោះឆ្នោត កូនប្រអប់ និងលេខរៀងនៃឈ្មោះក្នុងបញ្ជីបោះឆ្នោត អត្តលេខអ្នកបោះឆ្នោត រូបថតរបស់អ្នកបោះឆ្នោត  នាមត្រកូល និងនាមខ្លួន ដែលរៀបចំតាមលំដាប់អក្ខរក្រមខ្មែរ ភេទ ថ្ងៃ ខែ ឆ្នាំកំណើត  និង លំនៅឋាន ឬទីសំណាក់ក្នុងឃុំ សង្កាត់នៃអ្នកបោះឆ្នោត។

ដោយឡែក ដើម្បីធានាការសម្ងាត់ សន្តិសុខ សុវត្ថិភាពទិន្នន័យអត្តសញ្ញាណអ្នកបោះឆ្នោត​ បញ្ជីបោះឆ្នោតដំបូងដែលត្រូវបង្ហោះនៅលើគេហទំព័រ គ.ជ.ប voterlist.nec.go​v​.​k​h​​ និងតាមកម្មវិ​ធីទូរសព្ទដៃ (App) NEC KH ត្រូ​វបង្ហាញតែឈ្មោះ និងលេខកូដរាជធានី ខេត្ត ឃុំ សង្កាត់ ឈ្មោះភូមិ ឈ្មោះទីតាំង និងលេខកូដកា​រិយាល័យបោះឆ្នោត លេខរៀងក្នុងបញ្ជីបោះឆ្នោ​ត អត្ត​លេខ លេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ឬ/និងលេខឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះ បោះឆ្នោត (ឯ.អ) បង្ហាញតែលេខ ៣ ខ្ទង់ចុងក្រោយ នាមត្រកូល នាមខ្លួន ភេទ និងថ្ងៃ ខែ ឆ្នាំកំ​ណើត របស់អ្នកបោះឆ្នោតតែប៉ុណ្ណោះ ហើយសម្រាប់បញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ត្រូវមានបង្ហា​ញ​ប​ន្ថែមនូវ​ការបញ្ជាក់ពីមូលហេតុដែលត្រូវលុបនៅលើនោះផងដែរ។

លោក ហ៊ីង ធីឫទ្ធិ ពន្យល់ថា គោលដៅនៃការផ្សព្វផ្សាយគឺដើម្បីឱ្យអ្នកបោះឆ្នោត ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ទៅពិនិត្យ ផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួន ហើយ អាចធ្វើការប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់។

បើតាម គ.ជ.ប ប្រជា-ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីនេះ មានចំនួន ៩.៨៧១.៥០២ (ប្រាំបួនលាន ប្រាំបីរយចិតសិបមួយពាន់ ប្រាំរយពីរ) នាក់ ក្នុងនោះស្រី មានចំនួន ៥.២៤០.៩៨៤ (ប្រាំលាន ពីររយសែសិបពាន់ ប្រាំបួនរយប៉ែតសិបបួន) នាក់ និងមានការិយាល័យបោះឆ្នោត សរុបចំនួន ២៤.០៣៤ (ម្ភៃបួនពាន់ សាមសិបបួន) ការិយាល័យ។ ដោយឡែក អ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតដោយមូលហេតុ ផ្លាស់ចេញ ស្លាប់ ស្ទួ​ន និងការដកសិទ្ធិបោះឆ្នោត ផ្អែកតាមឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់ មានចំនួនសរុប ១២០.៨៨៣ (មួយរយម្ភៃពាន់ ប្រាំបីរយប៉ែតសិបបី) នាក់