លោក កើត រិទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យអំពីវឌ្ឍនភាពនៃការរៀបចំឯកសារនានាពាក់ព័ន្ធនឹងយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តី នៅតាមតុលាការ

លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌  នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដឹកនាំកិច្ចប្រជុំពិនិត្យអំពីវឌ្ឍនភាពនៃការរៀបចំឯកសារនានាពាក់ព័ន្ធនឹងយុទ្ធនាការសំខាន់ៗចំនួន ២ រួមមាន យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលក្រសួងយុត្តិធម៌គ្រោងនឹងប្រកាសដាក់ចេញនាពេលខាងមុខ។

គូសបញ្ជាក់ផងដែរថា យុទ្ធនាការទាំងពីរនេះ គឺធ្វើឡើងដោយផ្អែកតាមការប្រគល់ភារកិច្ចពីសំណាក់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី១ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដែលពេលនោះ សម្តេច បានប្រគល់ភារកិច្ចជូនក្រសួងយុត្តិធម៌ក្នុងការរៀបចំផែនការសកម្មភាពជាក់ស្តែងសំដៅធ្វើយ៉ាងណាសម្រេចឱ្យបានជាលទ្ធផលនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា នូវកិច្ចការអាទិភាពសំខាន់ៗចំនួន ៣ ដើម្បីពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌របស់កម្ពុជា ៖

(ទី១)-ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទឱ្យបានឆាប់រហ័ស ពិសេស វិវាទរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន, (ទី២)-ការជំរុញ និងការពន្លឿនការដោះស្រាយសំណុំរឿងក្តីនៅតាមតុលាការឱ្យបានឆាប់រហ័ស និង (ទី៣)-ការត្រួតពិនិត្យ និងការដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សំដៅជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជា ការលើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវ នៅក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ៕