៣ខែ! រដ្ឋាភិបាលថ្មី បានដាក់ចេញជាបន្តបន្ទាប់ នូវគោលនយោបាយ អាទិភាពមួយចំនួន ជួយដល់ពលរដ្ឋក្រីក្រ

ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ក្នុងរយៈពេលបីខែ ដែលឡើងកាន់ដំណែង ជានាយករដ្ឋមន្រ្តីថ្មី រាជរដ្ឋាភិបាល បានដាក់ចេញជាបន្តបន្ទាប់នូវគោលនយោបាយ អាទិភាពមួយចំនួន ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ ដែលងាយរងហានិភ័យ។

ក្នុង«សន្និសីទចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០២៣» ស្តីពី «ចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត ការកំណត់មាគ៌ាសម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន» កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសុខាភ្នំពេញ សម្ដេច បានថ្លែងថា រាជរដ្ឋាភិបាល មិនឈប់ត្រឹមការដាក់ចេញនូវយុទ្ធសាស្រ្តប៉ុណ្ណោះទេ ប៉ុន្តែបានដាក់ចេញនូវយន្តការកំណែទម្រង់ និងវិធានការជាក់ស្ដែងជាបន្តបន្ទាប់។

ជាមួយគ្នានោះ សម្ដេច បញ្ជាក់ថា «ក្នុងរយៈ៣ខែកន្លងទៅនេះ រាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់នូវកម្មវិធី គោលនយោបាយអាទិភាព ក្នុងនោះកម្មវិធីចំនួន៥ ត្រូវបានប្រកាសនិងដាក់ឱ្យចាប់ផ្ដើមអនុវត្តរួចហើយ រួមមាន៖ទី១ យុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨, ទី២,ការពង្រឹងវិសាលភាពមូលនិធិសមធម៌សុខាភិបាលដល់គ្រួសារងាយរងហានិភ័យ និងទី៣ការបណ្ដុះបណ្ដាលជំនាញវិជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅទូទាំងប្រទេស ជាមួយនឹងការពង្រីកវិសាលភាពរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពដល់បុគ្គលស្វ័យយោត និងអ្នកនៅក្នុងបន្ទុករបស់សមាជិក ប.ស.ស ដែលផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត, ទី៤, កម្មវិធីហិរញ្ញប្បទានសំដៅលើលស្ទួយផលិតផលកសិកម្មរកទីផ្សារនិងរក្សាលំនឹងថ្លៃកសិកផលសំខាន់ៗ ក្នុងកម្រិតសមរម្យនិងទី៥,ការដាក់ពង្រាយបន្រ្តីបច្ចេកទេសកសិកម្ម ទៅតាមគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេសនិងការរៀបចំឱ្យមានសហគមន៍កសិកម្មបែបថ្មី»។

សម្ដេច ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា ក្នុងអំឡុងពេលនេះដែរ ក្នុងចំណោម វិធានការគន្លឹះ៥ ដែលមានចរឹតជាការកែទម្រង់ស្ថាប័ន រាជរដ្ឋាភិបាល បានសម្រេចរៀបចំ នូវគណៈកម្មការជាតិចំនួន៣រួមមាន៖ ទី១,គណៈកម្មការជាតិជម្រុញការអនុវត្តន៍វិធានការគន្លឹះក្នុងកំណែទម្រង់រដ្ឋបាលសាធារណៈ ទី២,គណៈកម្មការជាតិជម្រុញការអនុវត្តន៍វិធានគន្លឹះ ក្នុងស័យអប់រំ និងគណៈកម្មការជាតិជម្រុញការអនុវត្តន៍វិស័យគន្លឹះក្នុងវិស័យសុខាភិបាល។

លើសពីនេះទៀត សម្ដេច នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា រាជរដ្ឋាភិបាលក៏បានដាក់ចេញ នូវការរៀបចំនូវកិច្ចដំណើរការ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលា ជូនដល់ប្រជាពលរដ្ឋ ផងដែរ៕