អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានឱ្យដឹងថា តាមការផ្តល់ព័ត៌មានរបស់សមាគមនិស្សិតកម្ពុជានៅរុស្សី គឺពុំមានពលរដ្ឋកម្ពុជាកំពុងស្នាក់នៅ ឬសិក្សារៀនសូត្រនៅប្រទេសអ៊ុយក្រែនឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅថ្ងៃទី២៥ កុម្ភៈនេះ។
ប្រភពដដែល បានស្រង់សម្តីលោក ជុំ សុន្ទរី មកបញ្ជាក់ថា “ដោយយើងពុំមានស្ថានទូតប្រចាំនៅប្រទេសអ៊ុយក្រែន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើអោយស្ថានទូតកម្ពុជាប្រចាំនៅរុស្សីស្វែងរកព័ត៌មាន ថាតើមានពលរដ្ឋកម្ពុជាកំពុងស្នាក់នៅ ឬសិក្សារៀនសូត្រនៅប្រទេសអ៊ុយក្រែន ឬទេ?”។
សម្រាប់អ្នកនាំពាក្យរូបនេះ “ប្រសិនបើមាន សូមអោយយកចិត្តទុកដាក់អំពីករណីសុវត្ថិភាពរបស់ពួកគេ ហើយរាយការណ៍ជូនក្រសួងបានទាន់ពេលវេលា ដើម្បីមានវិធានការណ៍”។ តែទោះបីជាយ៉ាងនេះក្តី លោកថា “ក្រសួងការបរទេស បានទទួលបានព័ត៌មានបឋមពីស្ថានទូតថា តាមការផ្តល់ព័ត៌មានរបស់សមាគមនិស្សិតកម្ពុជានៅរុស្សី គឺពុំមានពលរដ្ឋកម្ពុជាកំពុងស្នាក់នៅ ឬសិក្សារៀនសូត្រនៅប្រទេសអ៊ុយក្រែនឡើយ ហើយស្ថានទូតនឹងបន្តតាមដានបន្តទៅទៀត”។
ប្រភពដដែល បានចុះផ្សាយបន្តថា បន្ទាប់ពីរុស្ស៊ីបានបើកការវាយប្រហារលើអ៊ុយក្រែន កាលពីថ្ងៃម្សិលមិញ បណ្តាប្រទេសនានាបានសម្តែងនូវការព្រួយបារម្ភអំពីសុវត្ថិភាពប្រជាជនរបស់ខ្លួនដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន ខណៈសម្តេច ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន កាលពីពេលថ្មីៗនេះ អំពាវនាវឱ្យមានកិច្ចសន្ទនា និងស្វែងរកដំណោះស្រាយដោយសន្តិវិធីរវាងប្រទេសទាំងពីរ៕