រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បានលើកឡើងថា រដ្ឋាភិបាលទីក្រុងមូស្គូ នឹងបើកកិច្ចចរចាជាមួយអ៊ុយក្រែនគ្រប់ពេលវេលាដរាបណាទាហានអ៊ុយក្រែនខ្លួនឯងទម្លាក់អាវុធចុះ។ ការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបែបនេះ គឺធ្វើឡើងបន្ទាប់ពីមានការអំពាវនាវរបស់មេដឹកនាំអ៊ុយក្រែន លោក លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ដែលចង់ឱ្យរុស្ស៊ីវិលមកតុចរចាវិញដើម្បីបញ្ចៀសការស្លាប់ប្រជាពលរដ្ឋ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sputink នៅថ្ងៃទី២៥ កុម្ភៈនេះ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឱ្យដឹងថា លោក ពូទីន ត្រៀមខ្លួនរួចរាល់ក្នុងការបញ្ជូនគណៈប្រតិភូជាន់ខ្ពស់របស់ខ្លួនទៅជជែកជាមួយរដ្ឋាភិបាលទីក្រុងគៀវ។ លោក ថា ជាការឆ្លើយតបទៅនឹងសំណើរបស់មេដឹកនាំអ៊ុយក្រែន រុស្ស៊ីត្រៀមខ្លួនរួចរាល់ដើម្បីបញ្ជូនអ្នកតំណាងរបស់ខ្លួន ដែលមកពីក្រសួងការបរទេស និងមន្ត្រីរដ្ឋបាលប្រធានាធិបតីដើម្បីទៅជជែកជាមួយភាគីអ៊ុយក្រែន។
ដោយឡែកមន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិក បានបង្ហាញការព្រួយបារម្ភថា ទីក្រុងគៀវ របស់អ៊ុយក្រែន អាចធ្លាក់ក្រោមការគ្រប់គ្រងរបស់រុស្ស៊ីក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ស្របពេលដែលទាហានរុស្ស៊ី បានវាយសម្រុកចូលក្នុងសង្កាត់មួយចំនួននៅភាគខាងជើង នៃរដ្ឋធានីគៀវ ប្រទេសអ៊ុយក្រែន ព្រមទាំងបានដណ្តើមកាន់កាប់អាកាសយានដ្ឋាន Hostomel ដែលជាអាកាសយានដ្ឋានដ៏សំខាន់មួយក្បែរទីក្រុងគៀវ។
ក្នុងស្ថានការណ៍បែបនេះ ប្រជាជនដែលរស់នៅក្នុងទីក្រុងគៀវ ជាច្រើន បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ មកជ្រកកោននៅក្នុងស្ថានីយរថភ្លើងក្រោមដីតាំងពីថ្ងៃព្រហស្បតិ៍មកម្ល៉េះ៕