នៅទីបំផុតទៅសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប កាលពីថ្ងៃសុក្រ ទី២៥ កុម្ភៈម្សិលមិញនេះ បានបង្កើនការដាក់ទណ្ឌកម្មលើការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយបន្ថែមវិធានការកំណត់គោលដៅដោយផ្ទាល់ទៅលើប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងរដ្ឋមន្ត្រីការបរទេសរបស់គាត់ ខណៈដែលកងកម្លាំងរុស្ស៊ីបានចូលកាន់តែជិតនៅរដ្ឋធានីអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃទី២៥ កុម្ភៈ ម្សិលមិញនេះ។
ជាក់ស្តែងរដ្ឋាភិបាលនៃចក្រភពអង់គ្លេសបានបញ្ជាឲ្យបង្កកទ្រព្យសម្បត្តិទាំងអស់ របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) ដែលមាននៅអង់គ្លេស ដើម្បីឆ្លើយតបទៅនឹងសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន។
អ្នកនាំពាក្យសេតវិមាន លោក Jen Psaki បាននិយាយថា ចំណាត់ការរបស់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ផ្ញើសារយ៉ាងច្បាស់លាស់អំពីភាពរឹងមាំនៃការប្រឆាំងចំពោះសកម្មភាពរបស់លោកពូទីនលើប្រទេសអ៊ុយក្រែន។
ដោយឡែកនៅពេលអ្នកសារព័ត៌មានចោទជាសំណួរថាតើប្រធានាធិបតីអាមេរិក ចូ ប៉ៃឌិន មានគម្រោងការទូតដោយផ្ទាល់បន្ថែមទៀតចំពោះលោក ពូទីន ដែលកងកម្លាំងជើងគោក និងអាកាសកំពុងជំរុញការវាយលុកលើទីក្រុងសំខាន់ៗរបស់អ៊ុយក្រែនឬយ៉ាងណានោះ លោក Psaki បាននិយាយថា គ្មាននោះទេ។
សូមជម្រាបជូនថា នៅថ្ងៃដែលការផ្ទុះ និងការបាញ់កាំភ្លើងបានបន្លឺឡើងនៅក្នុងរដ្ឋធានីកៀវ។ សម្តេចប៉ាប Francis បានទៅកាន់ស្ថានទូតរុស្ស៊ីនៅទីក្រុងរ៉ូម ដើម្បីអំពាវនាវដោយផ្ទាល់ឱ្យមានការបញ្ចប់, ការដាក់ទណ្ឌកម្មគឺជាផ្នែកមួយនៃការថ្កោលទោសជាសកលចំពោះការវាយលុកនេះ៕