រដ្ឋាភិបាលទីក្រុងមូស្គូ របស់លោកប្រធានាធិបតី ពូទីន បានចេញមុខព្រមានប្រទេសហ្វាំងឡង់ និងស៊ុយអែត ថានឹងជួបនូវបញ្ហាប្រឈមនយោបាយ និងយោធាធ្ងន់ធ្ងរ នៅពេលដែលប្រទេសទាំងពីរនេះចូលជាមាជិករបស់អង្គការ ណាតូ។ ការព្រមាននេះគឺធ្វើឡើងខណៈដែលរុស្ស៊ីបានកំពុងវាយលុកចូលអ៊ុយក្រែន បើទោះបីជាប្រទេសខ្លួនកំពុងទទួលរងទណ្ឌកម្មពីសំណាក់បណ្តាប្រទេសនៅអឺរ៉ុបយ៉ាងណាក៏ដោយចុះ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន FOX NEWS នៅថ្ងៃទី២៥ កុម្ភៈម្សិលមិញនេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានសង្កត់ធ្ងន់ថា “ហ្វាំងឡង់ និងស៊ុយអែត មិនគួរផ្អែកលើសន្តិសុខរបស់ពួកគេលើការបំផ្លាញសន្តិសុខរបស់ប្រទេសផ្សេងទៀត ហើយការចូលជាសមាជិកអង្គការ ណាតូ អាចមានផលវិបាក និងប្រឈមមុខនឹងផលវិបាកផ្នែកយោធា និងនយោបាយមួយចំនួន”៕