ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនHD HYUNDAI HEAVY INDUSTRIA របស់កូរ៉េខាងត្បូង បានសម្រេចឯកភាពគ្នា បង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាលើវិស័យឧស្សាហកម្មធុនធ្ងន់ ក្នុងសង្វាក់ផលិតកម្មផលិតនាវា និងកប៉ាល់ដែលកំពុងមានសក្តានុពល។ នេះបើយោងតាមជំនួប រវាងលោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក Park Jung Wook អគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក Kim Dong il អគ្គនាយករងក្រុមហ៊ុន HD HYUNDAI HEAVY INDUSTRIA ដែលភាគច្រើនផលិតនាវា និងកប៉ាល់ធំៗនៅក្នុងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។
ក្នុងឱកាសនោះ ភាគីទាំងពីរ «បានឯកភាពលើការបណ្តុះបណ្តាលប្រជាពលរដ្ឋកម្ពុជាឱ្យមានចំណេះដឹងលើវិស័យឧស្សាហកម្មធុនធ្ងន់ក្នុងសង្វាក់ផលិតកម្មផលិតនាវា និងកប៉ាល់ដែលកំពុងមានសក្តានុពល»។
ជាមួយគ្នានោះ លោក ហេង សួរ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េខាងត្បូងនិងក្រុមហ៊ុនដែលបានផ្តល់វគ្គបណ្តុះបណ្តាលនេះជូនប្រជាពលរដ្ឋកម្ពុជា ឱ្យមានជំនាញក្នុងវិស័យឧស្សហកម្មធុនធ្ងន់មួយនេះ។ ទន្ទឹមនឹងនេះ ក្រសួងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយគាំទ្រដល់ក្រុមហ៊ុន ក្នុងការបណ្តុះបណ្តាលលើជំនាញនេះនៅកម្ពុជាឱ្យទទួលបានភាពជោគជ័យ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង បានថ្លែងសង្កត់ធ្ងន់ថា កិច្ចសហការបណ្តុះបណ្តាលនេះ នឹងក្លាយជាចំណុចជ្រោមជ្រែងដ៏សំខាន់បន្ថែមទៀត ដែលនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែស្អិតរមួត និងស៊ីជម្រៅទាំងផ្នែកសេដ្ឋកិច្ច និងភាពជាមិត្តរបស់ប្រជាជននៃប្រទេសទាំងពីរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន HD HYUNDAI HEAVY INDUSTRIA គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនកម្រិតពិភពលោក HYUNDAI Group ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧២ ដែលមានជំនាញលើការផលិតកប៉ាល់ និងនាវាធំៗ។
កិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូងនាពេលនេះ គឺធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ទើបតែប្រកាសដាក់ចេញឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១.៥លាននាក់ ដើម្បីផ្តល់ជំនាញឆាប់រហ័សនិងទទួលបានការងារធ្វើសមរម្យ៕