ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ បើកកិច្ចប្រជុំ ពិនិត្យសម្រេចលើឯកសារមួយចំនួន ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងចំនួនអ្នកបោះឆ្នោតលើបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៣ដោយក្នុងនោះ បានឯកភាពចំពោះអ្នកមានឈ្មោះនៅក្នងបញ្ជីបោះឆ្នោតឆ្នាំ ២០២៣ មានចំនួន ៩.៨៧១.៥០២ នាក់។
សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រោយបិទបញ្ចប់កិច្ចប្រជុំ ឱ្យដឹងថា បន្ទាប់ពីបានពិនិត្យតាមជំពូកនីមួយៗ និងតាមផ្នែកនីមួយៗនៃសៀវភៅ អង្គប្រជុំ គ.ជ.ប បានធ្វើការកែសម្រួលលើពាក្យពេចន៍មួយចំនួន និងបានសម្រេច ឯកភាពជាគោលការណ៍លើខ្លឹមសារសៀវភៅណែនាំគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត (គ.ក.ប/គ.ក.រ) និងគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
ជាមួយគ្នានោះ កិច្ចប្រជុំ បានឯកភាពជាគោលការណ៍លើសៀវភៅណែនាំស្តីពីនីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ ឯកភាពលើទម្រង់សន្លឹកឆ្នោតគំរូ និងទម្រង់សន្លឹកឆ្នោតសម្រាប់ប្រើក្នុងការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ ឯកភាពលើចំនួនអ្នកបោះឆ្នោតលើបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៣ សម្រាប់ឃុំ សង្កាត់ ធ្វើការបិទផ្សាយ ជាសាធារណៈនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
តាមលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ បានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ១២០.៨៨៣ នាក់ អ្នកសុំកែតម្រូវទិន្នន័យក្នុងបញ្ជីបោះឆ្នោត មានចំនួន ១៨.៦៦៨ នាក់ និង អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៣ មានចំនួន ៩.៨៧១.៥០២ នាក់។
តាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ បញ្ជីបោះឆ្នោត ដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នឹងត្រូវបិទផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមទីតាំងមួយចំនួនក្នុងឃុំ សង្កាត់ និងមានផ្សព្វផ្សាយតាមគេហទំព័របញ្ជីបោះឆ្នោត គ.ជ.ប៕