កងកម្លាំងវិស្វកម្មព្រលានយន្តហោះនិងកងកម្ទេចគ្រាប់មិនទាន់ផ្ទុះបានធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយ

ភ្នំពេញ៖ កងកម្លាំងវិស្វកម្មព្រលានយន្តហោះនិងកងកម្ទេចគ្រាប់មិនទាន់ផ្ទុះសរុប៩០នាក់ នៅរាត្រីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយសម្រេចបាននូវជោគជ័យ នៅក្នុងដំណើរបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ (UN) នៅសាធារណរដ្ឋម៉ាលី។

លោក សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានថ្លែងថា កងកម្លាំងដែលមកដល់មាតុភូមិទាំងពីរកងនេះ ក្នុងនោះ៦៧នាក់ ជាកងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ដែលបានបំពេញបេសកកម្មនៅតំបន់គីដាល់ និងចំនួន ២៣នាក់ ជាកងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ៨២៨ ដែលបានបំពេញបេសកកម្មនៅទីក្រុងហ្គាវ នៃសាធារណរដ្ឋម៉ាលី។

ជាមួយគ្នានោះ លោកបាននាំការសាកសួរសុខទុក្ខរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ, ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះការវិលត្រលប់ប្រកបដោយសុខសុវត្ថិភាព ជាមួយនឹងភាពជោគជ័យក្នុងការបំពេញភារកិច្ច នៅក្នុងប្រទេសដែលហួងហែងដោយសារតែភ្លើងសង្គ្រោមដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីលើកស្ទួយកិត្តិយសកម្ពុជា នៅលើឆាកអន្តរជាតិ។

លោក សែម សុវណ្ណនី បញ្ជាក់ថាកងកម្លាំងទាំង២កងខាងលើនេះបានចូលរួមអនុវត្តបំពេញភារកិច្ចប្រកបដោយផ្លែផ្កាទទួលបានជោគជ័យដ៏ត្រចះត្រចង់ ព្រមជាមួយនឹងលទ្ធផលគួរជាទីមោទនថ្មីៗបន្ថែមទៀត៕