ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា នៅទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួនបី និងសេចក្តីស្នើវិសោធនកម្មប្រការមួយចំនួននៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។
សេចក្តីព្រាងច្បាប់ដែលរដ្ឋសភាលើកមកពិភាក្សានិងអនុម័តនាឱកាសនេះមាន៖ សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២
សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម និង សេចក្តីស្នើវិសោធនកម្មប្រការ ៤ថ្មី ប្រការ ៦ថ្មី(ពីរ) និងប្រការ ២៩ថ្មី បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។
សេចក្តីព្រាងច្បាប់និងសេចក្តីស្នើវិសោធនកម្មច្បាប់ខាងលើនឹងក្លាយជាច្បាប់និងបទដ្ឋានគតិយុត្តដ៏សំខាន់នៅក្នុងការដឹកនាំប្រទេសជាតិ ក៏ដូចជាស្ថាប័ន និងសម្រាប់ធ្វើការអភិឌ្ឍប្រទេសជាតិ ពង្រីកវិសាលភាពទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសជាមិត្ត ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងជាលំដាប់ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧។
តួយ៉ាងដូចជា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ គឺត្រូវបានតាក់តែងឡើង នៅក្នុងបរិការណ៍ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានប្រសូតចេញពីការបោះឆ្នោតដោយសេរី យុត្តិធម៌ ត្រឹមត្រូវ និងមានតម្លាភាព ស្របទៅតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានប្រជាពលរដ្ឋចូលរួមបោះឆ្នោតរហូតដល់ជាង៨លាន២សែននាក់ ត្រូវជាប្រមាណ៨៤,៥៩%នៃចំនួនប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោត។
សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ មានគោលបំណងសំខាន់ៗ បន្តពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ បន្តធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ជំរុញការអភិវឌ្ឍប្រព័ន្ធសុខាភិបាល ប្រព័ន្ធគាំពារសង្គម ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម ដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រាក់ឧបត្ថម្ភមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងកម្រិតសមស្រប ដោយផ្អែកលើសមិទ្ធកម្ម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងពង្រឹងសមត្ថភាពស្ថាប័ន និងគុណភាពនៃការផ្តល់សេវាសាធារណៈ ជាដើម។
ចំណែកសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម វិញ មានគោលបំណង ធ្វើឱ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ស្របតាមឯកទេសភាវូបនីយកម្ម និងសក្តានុពលដែលមានស្រាប់រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។ កិច្ចព្រមព្រៀងនេះ នឹងជំរុញការធ្វើពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគ សំដៅចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក ចូលរួមបង្កើនផលិតភាព គុណភាព និងលើកកម្ពស់ការប្រកួតប្រជែង សម្រាប់ផលិតផល ទំនិញ និងសេវា តាមរយៈការផ្ដល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ជំរុញការធ្វើពិពិធកម្មទីផ្សារនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារថ្មីៗ ពិសេសទីផ្សារ មជ្ឈឹមបូព៌ា និងអាហ្វ្រិក ។
អង្គប្រជុំរដ្ឋសភាបាននិងកំពុងធ្វើការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ខាងលើម្តងមួយៗ។ នៅក្នុងការពិភាក្សាអនុម័តរបៀបវារៈខាងលើនេះ សមាជិកសមាជិការដ្ឋសភា បានលើកឡើងនូវសំណួរ និងចម្ងល់នានា ហើយមានការបកស្រាយ ឆ្លើយពន្យល់ ពីតំណាងរាជរដ្ឋាភិបាល ដែលជាអ្នកការពារសេចក្តីព្រាងច្បាប់ ស្របតាមនីតិវិធី ទើបឈានដល់ការអនុម័តជាឯកច្ឆន្ទ លើសេចក្តីព្រាងច្បាប់នីមួយៗ ក៏ដូចជាសេចក្តីស្នើវិសោធនកម្មប្រការ ៤ថ្មី ប្រការ ៦ថ្មី(ពីរ) និងប្រការ ២៩ថ្មី បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា៕