សមត្ថកិច្ចបង្ហាញមុខជនសង្ស័យជនជាតិចិន ២នាក់ ពាក់ព័ន្ធបទល្មើសចាប់ជំរិត ៦៤០០ដុល្លារ

ភ្នំពេញ៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ នៅព្រឹថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបង្ហាញមុខជនសង្ស័យជនជាតិចិនចំនួន ២នាក់ ពាក់ព័ន្ធបទល្មើសចាប់ជំរិត ៦៤០០ដុល្លារ នៅចំណុចបុរីញូថោន ផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។

ករណីនេះបង្កឡើងដោយជនសង្ស័យចំនួន៣នាក់ ដោយជនជាតិចិននេះជិះរថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌ ទឹកប្រាក់ មិនចាំស្លាកលេខ ប្រដាប់ដោយអាវុធខ្លីមិនស្គាល់ម៉ាកចំនួន ២ដើម មានឈ្មោះ WENG SHENGFENG ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន, ឈ្មោះ ZHANG YAN ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន និងបក្ខពួកមិនស្គាល់អត្តសញ្ញាណ ភេទប្រុស ជនជាតិចិន នៅពេលជនរងគ្រោះឈ្មោះ LI CHANFU ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន បានចេញពីហូបអាហារនៅកន្លែងកើតហេតុ ស្រាប់តែជនសង្ស័យបាននាំគ្នាចាប់ជនរងគ្រោះដាក់ចូលក្នុងរថយន្ត រួចបើករថយន្តដឹកជនរងគ្រោះគេចខ្លួនបាត់តែម្តង។

ក្រោយពីមានករណីខាងលើកើតឡើង កម្លាំងជំនាញរបស់ការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវតាមរយៈការពិនិត្យកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុ និងតាមផ្លូវដែលជន សង្ស័យបានដឹកជនរងគ្រោះគេចខ្លួន និងទីតាំងដែលជនសង្ស័យយកជនរងគ្រោះទៅចងទុករហូតដល់កំណត់មុខសញ្ញាប្រព្រឹត្តបទល្មើសបាន ហើយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៦:៤៥នាទី កម្លាំងការិយាល័យ សហការជាមួយសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ នៅចំណុចកងផ្សាររតនាផ្លាហ្សា ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសខាងលើ និងចាប់យកវត្ថុតាងបញ្ជូនមកការិយាល័យដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕