សម្តេច ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ”

សៀមរាប៖ សម្ដេច ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រីនៃកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ”នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ អាកាសយានដ្ឋាននេះ ជាសមិទ្ធផលថ្មីនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពេញផ្ទៃប្រទេស។

នាឱកាសនោះ សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ គឺជាសមិទ្ធផលមួយ ដែលត្រៀមលក្ខណៈសម្រាប់ពេលអនាគត ជាពិសេសជាផ្លែផ្កាដែលកើតចេញពីសុខសន្តិភាព និង ជាសមិទ្ធផលលេចធ្លោថ្មីបន្ថែមទៀតនៃចំណងមិត្តភាពដែកថែបកម្ពុជា-ចិន។

ជាមួយគ្នានេះ សម្តេច ចាត់ទុក អាកាសយានដ្ឋាននេះ នឹងអាចទទួលចុះចតយន្តហោះប្រភេទប៊ូអ៊ីង ធំៗ បហើយក៏អាចទទួលបាននូវភ្ញៀវទេសចរបានយ៉ាងច្រើននៅពេលខាងមុខ។

កាលានុវត្តភាពថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ទូទាំងប្រទេស និយាយជារួម។ ការណ៍នេះ នឹងអាចទាក់ទាញដល់វិនិយោគិន ក៏ដូចជាផ្តល់ប្រយោជន៍សេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋ។

ផ្លូវអាកាស គឺជាអាទិភាពគន្លឹះទី២ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ហើយក៏ជាកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ ដោយផ្តោតលើការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។

កម្ពុជាបើកចំហរទទួលការវិនិយោគលើគ្រប់វិស័យ សម្រាប់វិនិយោគិនទាំងនៅក្នុងស្រុក និងបរទេស៕