កម្ពុជាគាំទ្រ អារ៉ាប៊ីសាអូឌីត បើកស្ថានទូត នៅកម្ពុជា នាឆ្នាំក្រោយ

ភ្នំពេញ៖ កម្ពុជាបញ្ជាក់ជំហរសាជាថ្មី គាំទ្រ អារ៉ាប៊ីសាអូឌីត បើកស្ថានឯកអគ្គរាជទូត នៅរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា នាឆ្នាំក្រោយ។នេះបើតាមការបញ្ជាក់របស់លោក ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងជំនួបជាមួយ លោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការបរទេស។

ក្នុងឱកាសនោះ លោក Mohammed Ismaeil A. Dahlwy បានបង្ហាញពីឆន្ទៈដ៏មុតមាំក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួង/ស្ថាប័នពាក់ព័ន្ធដទៃទៀត ដើម្បីពង្រឹងទំនាក់ទំនងកម្ពុជា-អារ៉ាប៊ីសាអូឌីត ឱ្យកាន់តែរឹងមាំបន្ថែមទៀត ដោយផ្អែកលើសន្ទុះដ៏ល្អកើតចេញពីកិច្ចប្រជុំទ្វេភាគីរវាងថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរ នាពេលថ្មីៗនេះ។

ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈប្រកបដោយអត្ថន័យលើទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ និងប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងអប់រំ។

ជាមួយគ្នានោះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈពាក់ព័ន្ធនឹងភាពចាំបាច់ ដើម្បីបង្កើតកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីរវាងក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត និងគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងព្រះរាជាណាចក្រទាំងពីរ ដែលជាវេទិកាសំខាន់មួយសម្រាប់ស្វែងរកមធ្យោបាយថ្មីនៃសកម្មភាពជាក់ស្តែង ដើម្បីជួយសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ឃួន ផុនរតនៈ បានបញ្ជាក់សាជាថ្មីនូវការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការផ្តល់ការសម្របសម្រួល និងការគាំទ្រចាំបាច់នានាសម្រាប់ដំណើរការបើកស្ថានឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត នៅទីក្រុងភ្នំពេញដែលគ្រោងនឹងធ្វើនៅឆ្នាំក្រោយ។

លើសពីនេះទៀត ភាគីទាំងពីរ បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។ ជាងនេះទៅទៀត ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈលើការវិវត្តក្នុងតំបន់ និងអន្តរជាតិ នាពេលបច្ចុប្បន្ន ទាំងនៅក្នុងតំបន់ និងពិភពលោក៕