ភ្នំពេញ៖ អង្គការអុកស្វាមបានលើកឡើងថា អ្នកលក់ដូរតាមដងផ្លូវ គឺជាកំលាំងពលកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬបុគ្គលស្វ័យនិយោជន៍ដែលបានចូលរួមចំណែកក្នុងការបង្កើនសេដ្ឋកិច្ចជាតិដ៏សំខាន់ និងបានស្រូបយកកំលាំងពលកម្មទូទាំងប្រទេស ជាពិសេសបានកាត់បន្ថយការចំណាកស្រុកដោយប្រថុយប្រថាន។
ការលើកឡើងរបស់ អង្គការអុកស្វាម ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះក្នុងគ្រាដែល អង្គការនេះ និងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានសហការរៀបចំប្រារព្ធទិវាអន្តរជាតិអ្នកលក់ដូរតាមដងផ្លូវលើកទី១១ក្រោមប្រធានបទ “ប្រព័ន្ធគាំពារសង្គមសម្រាប់អ្នកលក់ដូរតាមផ្លូវនៅកម្ពុជា” នៅសណ្ឋាគារភ្នំពេញ។
កម្មវិធីនេះរៀបចំឡើង ដើម្បីជាការរំលឹក អបអរសាទរដល់ទិវានេះទូទាំងពិភពលោក និងពង្រីកវិសាលភាពប្រព័ន្ធគាំពារសង្គមសម្រាប់អ្នកលក់ដូរតាមដងផ្លូវនៅប្រទេសកម្ពុជា។ មួយវិញទៀត កម្មវិធីនេះ ជាវេទិកាសម្រាប់ឲ្យអ្នកលក់ដូរតាមដងផ្លូវចូលរួមកិច្ចពិភាក្សា ចែករំលែកពីស្ថានភាពការងារ និងបញ្ហាប្រឈមដែលពួកគេជួបប្រទះផងដែរ ដោយសារតែ អង្គការអុកស្វាម បានចាត់ទុក អ្នកលក់ដូរតាមដងផ្លូវក៏ដូចជាកម្មករដទៃដែរ ហេតុដូចនេះពួកគេក៏អាចមានសិទ្ធិទទួលបានការគាំពារសង្គមដ៏ពេញលេញ។
អង្គការអុកស្វាម បាននឹងកំពុងចូលរួមយ៉ាងសកម្មជាមួយដៃគូនានា ស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ចរឹងមាំនៅក្នុងសង្គមរបស់កម្មករដែលងាយរងគ្រោះទាំងអស់ ទាំងក្នុងនិងក្រៅប្រព័ន្ធ តាមរយៈការផ្តល់អនុសាសន៍ និងការបង្កើតកិច្ចសន្ទនាសង្គមជាមួយអ្នកពាក់ព័ន្ធនានា ក្នុងការធ្វើសេចក្តីសម្រេចចិត្តដើម្បីពង្រីកវិសាលភាព ការផ្តល់ហិរញ្ញវត្ថុ និងការផ្តល់សេវាគាំពារសង្គមឱ្យរឹតតែមានប្រសិទ្ធភាព និងប្រកបដោយបរិយាបន្ន។
អ្នកស្រី ចាប ចិន្តា អាជីវករលក់ចំណីអាហារចល័តនៅខណ្ឌដូនពេញមានប្រសាសន៍ថា «ខ្ញុំរីករាយដែលទទួលបានបណ្ណ ប.ស.ស. ដែលអាចជួយឲ្យខ្ញុំទទួលបានសេវាថែទាំសុខភាព តែអីដែលខ្ញុំចង់បាននោះ បណ្ណនេះអាចគ្របដណ្តប់របបគាំពារសង្គមពេញលេញដូចអ្នកប្រកបមុខរបរក្នុងប្រព័ន្ធដែរ ដូចជា គាំពារមាតុភាព គ្រោះថ្នាក់ការងារ និងសោធន កាន់តែប្រសើរ»។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានប្រសាសន៍ថា «អ្នកលក់ដូរតាមដងផ្លូវគឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ ដូច្នេះយើងស្នើសុំរាជរដ្ឋាភិបាលបន្ត និងពង្រឹងការគាំពារដល់អ្នកលក់ដូរតាមដងផ្លូវឱ្យបានពេញលេញ ជាពិសេសស្ត្រី មិនត្រូវទុកចោលជាដាច់ខាត។សមាគមបាននឹងបន្តធ្វើការចងក្រង ផ្តល់ការបណ្តុះបណ្តាល ផ្សព្វផ្សាយ និងធ្វើយុទ្ធនាការគាំពារសង្គមជាមួយអ្នកលក់ដូរតាមដងផ្លូវ ដើម្បីទទួលបានប្រព័ន្ធគាំពារសង្គមសម្រាប់អ្នកលក់ដូរតាមដងផ្លូវឱ្យកាន់តែប្រសើរ! បច្ចុប្បន្ន សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចងក្រងអ្នកលក់ដូរតាមដងផ្លូវបានចំនួន ២២ក្រុម ដែលរួមមានសមាជិកសរុប ២៩៩៤ នាក់ ហើយអ្នកលក់ដូរជាស្រ្តីមានចំនួន ២៣៧៨ នាក់ នៅតាមបណ្តារាជធានីភ្នំពេញ និងខេត្តចំនួន ៦ ។”
ចំណែក លោកស្រី ភាណ សោភ័ណ នាយិការបស់អង្គការអុកស្វាម មានប្រសាសន៍ថា ៖ « អង្គការអុកស្វាមសូមកោតសរសើរចំពោះកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ស្វ័យនិយោជជន និងកម្មករនិយោជិតដែលបម្រើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការអនុវត្តគម្រោងរបបសន្តិសុខសង្គមលើប្រព័ន្ធថែទាំសុខភាពតាមរយៈការរួមចំណែកដោយស្ម័គ្រចិត្ត។ ខណៈពេលដែលកម្មវិធីនេះនឹងផ្តល់ការការពារដល់ផ្នែកសុខភាព យើងអំពាវនាវឱ្យរដ្ឋាភិបាលពន្លឿនការទទួលស្គាល់ផ្លូវច្បាប់ និងការការពារសុខុមាលភាព និងស្ថានភាពសេដ្ឋកិច្ចរបស់អ្នកលក់ដូរតាមដងផ្លូវ ជាពិសេសស្ត្រី។ អង្គការអុកស្វាមប្តេជ្ញាបន្តការងាររបស់ខ្លួនជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអ្នកពាក់ព័ន្ធដទៃទៀតក្នុងការលើកកម្ពស់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចគាំពារសង្គមប្រកបដោយបរិយាបន្ន”៕