សៀមរាប៖ ខ្លោងទ្វារខាងត្បូង ឬខ្លោងទ្វារទន្លេអុំនៃក្រុងអង្គរធំ ជាគោលដៅទេសចរណ៍មួយដ៏ទាក់ទាញសម្រាប់ទេសចរមកទស្សនា ហើយកន្លែងនេះតែងមានភាពមមាញឹកខ្លាំងនៅពេលព្រឹក។
ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំខ្លោងទ្វារទន្លេអុំលោក ឈឹម សុវណ្ណដេត បានលើកឡើងថា ភ្ញៀវទេសចរតែងនិយមទស្សនាខ្លោងទ្វារទន្លេអុំ ឬក្រុងអង្គរធំ បន្ទាប់ពីការទស្សនាថ្ងៃរះនៅអង្គរវត្ត។ ទីនេះមានចំណុចពិសេសៗមួយចំនួនដូចជា ចម្លាក់ទេវតា និងយក្សនៃរឿងរ៉ាវកូរសមុទ្រទឹក កសិន្ធុទឹក និងខ្លោងទ្វារដ៏ធំស្កឹមស្កៃ។
លោក បញ្ជាក់ថា ភាគច្រើនភ្ញៀវទេសចរចំណាយពេលក្នុងការដើរទស្សនាខ្លោងទ្វារនេះចាប់ពី១០ទៅ២០នាទី ហើយពេលខ្លះ ពួកគេទៅទស្សនាប្រាសាទក្បែរៗនោះ ដូចជាប្រាសាទបាយក្អែក និងប្រាសាទបក្សីចាំក្រុង ក៏ដូចជាការជិះទូកកម្សាន្តនៅកសិន្ធុនៅជ្រុងខាងលិច ជាដើម។
ជាមួយគ្នានោះ ប្រធានភ្នាក់ងារទេសចរណ៍ បន្ថែមថា ក្រៅពីនេះ ខ្លោងទ្វារ ទន្លេអុំក៏ជាកន្លែងទស្សនាថ្ងៃលិចដ៏ទាក់ទាញផងដែរ ក្រៅពីភ្នំបាខែងដែលនៅក្បែរនោះ។ ពន្លឺពណ៌មាសបានចាំងប៉ះលើផ្ទៃទឹកនៃកសិន្ធុអង្គរធំ ដែលជាទិដ្ឋភាពមួយដ៏ស្រស់ត្រកាលសម្រាប់ភ្ញៀវទេសចរ។
លោកឈឹម សុវណ្ណដេត សង្កត់ធ្ងន់ថា តាមការប៉ាន់ស្មាននៅទីនោះបច្ចុប្បន្ននេះ ក្នុងមួយថ្ងៃមានភ្ញៀវទេសចរចូលទស្សនាខ្លោងទ្វារទន្លេអុំចន្លោះពី១០០០នាក់ទៅជាង២០០០នាក់។
ដើម្បីសម្រួលដល់កិច្ចការងារនេះ លោក សុវណ្ណដេត បានបញ្ជាក់ថា ក្រុមការងារលោកក៏បានជួយសម្រួលការដើរទស្សនា ពិសេសសម្រួលចរាចរណ៍បង្កាកុំឱ្យមានគ្រោះថ្នាក់ជាយថាហេតុដល់ទេសចរផងដែរ៕