សៀមរាប៖ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានស្នើឱ្យត្រូវរួមគ្នាផ្តល់នូវសេរីភាពដល់ជនមានពិការភាពឱ្យចាកផុតពីការកេងប្រវ័ញ្ច អំពើហិង្សា និងការរំលោភបំពាន រួមទាំងផ្តល់កិច្ចការពារសុចរិតភាពនៃបុគ្គល សិទ្ធិសេរីភាពនៃការផ្លាស់ប្តូរទីលំនៅ សញ្ជាតិ ការរស់នៅដោយឯករាជ្យ និងការធ្វើបរិយាបន្នជនមានពិការភាពទៅក្នុងសហគមន៍ និងគ្រប់វិស័យផងដែរ។
លោក ឯម ច័ន្ទមករា លើកឡើងដូចនេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអំពី «សិទ្ធិទទួលបានយុត្តិធម៌សម្រាប់ជនមានពិការភាពក្នុងប្រព័ន្ធយុត្តិធម៌» ដោយមានការចូលរួមពីអ្នកតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកជំទាវ រួអេដា អិល ហាច (Roueida El Hage) ព្រមទាំង លោកស្រី ម៉ននី រង្សី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រម ជាច្រើនរូបទៀត នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារអង្គរផារ៉ាឌី។
លោក ឯម ច័ន្ទមករា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានការពារនូវសិទ្ធិក្នុងការចល័តទីផ្ទាល់ខ្លួនរបស់ជនមានពិការភាព ហើយបានផ្តល់នូវសេរីភាពនៃការបញ្ចេញមតិយោបល់ រួមទាំងសិទ្ធិក្នុងការធ្វើជាម្ចាស់ក្នុងអចលនទ្រព្យ ឬសន្តតិកម្ម ដែលមានសិទ្ធិត្រួតពិនិត្យកិច្ចការហិរញ្ញវត្ថុផ្ទាល់ខ្លួន សិទ្ធិទទួលបានការចុះបញ្ជីអត្រានគោលដ្ឋាន អត្តសញ្ញាណបណ្ណ និងបណ្ណបើកបរជាដើម។
ទន្ទឹមនោះដែរ លោក ឯម ច័ន្ទមករា គូសបញ្ជាក់ថា ក្រសួងបានកំណត់នូវក្នុងច្បាប់ថ្មី នូវអ្វីដែលជាការយកចិត្តទុកដាក់លើបញ្ហានោះគឺ ស្រ្តីគ-ថ្លង់ នៅពេលដែលរងការរំលោភបំពានផ្លូវភេទនោះ គឺពិបាកក្នុងការរកអ្នកបកប្រែភាសាសញ្ញា ខណៈឯកឧត្តមព្រួយបារម្ភខ្លាចជនរងគ្រោះទទួលរងភាពអយុត្តិធម៌។
លោក ឯម ច័ន្ទមករា ថ្លែងថា៖ «នៅពេលដែលគាត់ទទួលនូវការរំលោភបំពាន ជាពិសេសសេពសន្ថេវៈនោះ អ្វីដែលជាការព្រួយបារម្ភនោះគឺ តើអ្នកបកប្រែនោះគឺគាត់បកប្រែភាសាជនរគ្រោះគថ្លង់មកជាភាសាសម្រាប់មន្រ្តី និងក្រលាបញ្ជីបានយ៉ាងដូចម្តេច។ បើអ្នករៀនភាសាសញ្ញានោះ មិនជាបញ្ហានោះទេ សម្រាប់បញ្ហាគឺឋិតនៅត្រង់ថា ជនដែលមានពិការភាពគ-ថ្លង់នោះ មិនបានរៀនភាសា សញ្ញា ដូចនេះនៅពេលដែលគាត់មិនបានរៀនភាសាសញ្ញា ទោះបីជាមានគ្រូបកប្រែភាសាសញ្ញា ក៏មិនអាចជួយបានដែរដែរនោះជាបញ្ហា»។
ជាមួយគ្នានេះ លោក ឯម ច័ន្ទមករា បានថ្លែងអរគុណចំពោះប្រធានឧត្តមស្នងការអង្គការសហប្រជាជាតិ ដែលបានចាប់ផ្តើមមានការចាប់អារម្មណ៍ទៅលើសំណើររបស់ក្រសួងក្នុងការផ្តល់នូវវគ្គបណ្តុះបណ្តាលជាមួយនឹងក្រុមព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង តាមបណ្តាខេត្តផ្សេងៗជាពិសេសមន្រ្តីយុត្តិធម៌។
ក្នុងឱកាសនោះដែរ លោក ឯម ច័ន្ទមករា បានថ្លែងអំណរគុណដល់លោកស្រីអភិបាលរងខេត្តសៀមរាប ដែលបានបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តសៀមរាបទៅលើកិច្ចការងារពិការភាព ដោយសមិទ្ធិផលថ្មីរបស់ខេត្តសៀមរាប គឺបានបង្ហាញឱ្យឃើញថាមានការយកចិត្តទុកដាក់លើការរៀបចំផ្លូវសញ្ញាពកសម្រាប់ជនមានពិការភាព។
គួរឱ្យដឹងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យពិការភាពជាការងារអាទិភាពនៅក្នុងវិស័យអាទិភាពសំខាន់ៗដទៃទៀត ដោយបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ អំពីការអនុវត្តគោលនយោបាយពិការភាព តាមរយៈការពង្រឹងការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ជាពិសេសកម្ពុជាបានដាក់ចេញនូវច្បាប់ លិខិតបទដ្ឋាន និងគោលនយោបាយសំខាន់ៗ មួយចំនួន ក្នុងការធានានូវការមិនរើសអើង ការផ្តល់ឱកាសស្មើភាពគ្នា និងការចូលរួមពេញលេញរបស់បងប្អូនជនមានពិការភាពនៅក្នុងសង្គម៕