រដ្ឋសភាកម្ពុជា-ចិន បេ្តជា្ញរួមគ្នាក្នុងការចូលរួមលើកកម្ពស់និងជំរុញឱ្យផែនការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន នៃរដ្ឋាភិបាលប្រទេសទាំងពីរ

ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភារកម្ពុជា និង លោក លូវ ឈីនជៀន (Lou Qinjian) ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាតំណាងប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានបេ្តជ្ញារួមគ្នានៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ មិត្តភាពដែកថែប កម្ពុជា-ចិន ជាពិសេសការឈានទៅសម្រេចឱ្យបាននូវការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ដែលមានស្តង់ដារខ្ពស់ មានលក្ខណៈយុទ្ធសាស្ត្រ ភាពជឿជាក់ ទុកចិត្តគ្នា និងយូរអង្វែង ស្របតាមកិច្ចព្រមព្រៀងថ្នាក់ដឹកនាំប្រទេសទំាងពីរបានដាក់ចេញ។

ភាគីទាំងពីរបានប្តេជ្ញានេះ ធ្វើឡើង នៅពេលលោក លូវ ឈីនជៀន បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានចូលជួបសម្តែងការគួរសមជាមួយ សម្តេចប្រធានរដ្ឋសភា  ឃួន សុដារី នៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

សម្តេច ឃួន សុដារី ថា ដំណើរទស្សនកិច្ចនាពេលនេះឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តពង្រឹងនិងពង្រីកនូវចំណងមិត្តភាព (មិត្តភាពដែកថែប) សាមគ្គីភាព និងសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលមានជាយូរលង់មកហើយ ហើយមិត្តភាពដែកថែបនេះវាមិនមែនជាការចៃដន្យកើតឡើងនោះទេ គឺមានការត្រួសត្រាយផ្លូវដោយ “ព្រះបរមរតនកោដ្ឋ” និងដែលបានក្លាយជាកិច្ចសហប្រតិបត្តិការ “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” ដែលកាន់តែមានភាពរឹងមាំ និងល្អប្រសើរថែមទៀត។

នាឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានចូលរួមចំណែកគំាទ្រ និងឧបត្ថម្ភ ដ៏សំខាន់នៅក្នុងការអភិវឌ្ឍកម្ពុជា។ សមិទ្ធផលជាច្រើនមានដូច ស្ពាន ថ្នល់ ផ្លូវល្បឿនលឿន អាកាសយានដ្ឋាន ជាដើម ដែលគម្រោងខ្លះបានបញ្ចប់ការសាងសង់ និងគម្រោងខ្លះកំពុងអនុវត្ត បានចូលរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍន៍នៅកម្ពុជា និងបានលើកកម្ពស់សេដ្ឋកិច្ចជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការកម្ពុជាចិន ជាចំណងមិត្តភាពគំរូមួយ ដែលចិនជាប្រទេសមហាអំណាចសេដ្ឋកិច្ច មានពលរដ្ឋជាង១,៤០០លាននាក់ បានចងសម្ព័ន្ធភាពជាមួយកម្ពុជាដែលមានពលរដ្ឋប្រមាណ១៧លាននាក់។ ចំណងមិត្តភាពនេះ មានភាពស្មោះត្រង់ ជឿជាក់ គោរពគ្នាទៅវិញទៅមក គោរពអធិបតេយ្យភាព និងឯករាជ្យភាព ព្រមទាំងបានផ្តល់ផលប្រយោជន៍ ជូនប្រទេសជាតិនិងពលរដ្ឋទំាងសងខាង។

“ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ខ្ញុំចង់ឃើញវឌ្ឍនភាពបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ ជាពិសេសក្នុងការពង្រឹងគុណភាពនិងសុចរិតភាពនៃគម្រោង BRI និងការជួយសម្រួលដល់ការបន្តរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗដូចជា ឧស្សាហកម្ម កសិកម្ម ការវិនិយោគ និងវប្បធម៌នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ” ។ នេះជាប្រសាសន៍របស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងនៅក្នុងជំនួបសម្តែងការគួរសមនោះ។

គួរជម្រាបផងដែរថា កិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» គឺជាការបង្ហាញនូវការប្តេជ្ញាចិត្តថ្មីមួយទៀត រវាងកម្ពុជា និងចិន ឆ្ពោះទៅការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ប្រទេស ទាំងពីរក្នុងកម្រិតថ្មីមួយទៀត។

នាឱកាសនោះដែរ លោក លូវ ឈីនជៀន បានលើកឡើងពីគោលបំណងនៃដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ ដើម្បីចូលរួមលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជាចិន ទំាងក្របខ័ណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិឱ្យបានកាន់តែរឹងមាំឡើង ស្របតាមកិច្ចព្រមព្រៀងរវាង សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានិង លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជាអគ្គលេខាបក្សកុម្មុយនីស្តចិន រួមនិង លោក ចាវ លិជិ (ZHAO Leji) ប្រធានសភាប្រជាជនចិនទូទំាងប្រទេស នាពេលកន្លងមក។

ក្រៅពីការសន្យាថានឹងខិតខំជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដូចជានៅលើវិស័យទេសចរណ៍ ការវិនិយោគ វប្បធម៌ ជាពិសេសទំនាក់ទំនងប្រជាជននិងប្រជាជន សម្តេចឃួន សុដារី តាមរយៈ លោក លូ ឈីនជៀន បានសំណូមពរជូនដល់ សភាប្រជាជនចិនទូទាំងប្រទេស នៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយផងដែរ ដូចជាការបង្កើនកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរទស្សនកិច្ចនៅគ្រប់កម្រិត ទាំងក្នុងកម្រិតគណៈកម្មការ ក្រុមមិត្តភាព និងកម្រិតអគ្គលេខាធិការដ្ឋានជាដើម។ ក្នុងនោះ សម្តេចរដ្ឋសភាបានស្នើភាគីចិនជួយគំាទ្រនិងបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់មន្រ្តីអគ្គលេខាធិការដ្ឋាន ដើម្បីរដ្ឋសភាអាចសម្រេចបាននូវចក្ខុវិស័យនៅក្នុងការប្រែក្លាយរដ្ឋសភាទៅជារដ្ឋសភាឌីជីថល ស្របតាមសម័យបច្ចេកវិទ្យានិងបង្កើនប្រសិទ្ធភាពការងារ ក្នុងការបម្រើសេវាជូនតំណាងរាស្រ្ត៕