ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បង្ហាញពីមោទកភាពនៅពេលបានដើរឆ្លងកាត់ស្ពានហាលប្រាសាទអង្គរវត្ត

សៀមរាប៖ ក្រោយពីបញ្ចប់ការងារជួសជុល និងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ ក្នុងមួយថ្ងៃៗ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនរយនាក់ដើរឆ្លងកាត់ស្ពានហាលខាងលិចដើម្បីចូលទៅទស្សនាប្រាសាទអង្គរវត្ត បានពោលពាក្យកោតសរសើរចំពោះអាជ្ញាធរជាតិអប្សរា ដែលបានខិតខំប្រឹងប្រែងជួសជុល និងអភិរក្សស្ពានហាលនេះបានល្អប្រសើរឡងវិញ។ បន្ថែមលើនេះ ភ្ញៀវទេសចរក៏បង្ហាញពីមោទកភាពនៃកេរដំណែលដូនតាខ្មែរមួយនេះដែរ។

លោកតា កាយ កាន អាយុ៧៨ឆ្នាំ មកពីខេត្តកំពង់ធំ បានបង្ហាញអារម្មណ៍រីករាយក្រោយរូបគាត់បានដើរឆ្លងកាត់ស្ពានហាលសារជាថ្មី ដោយគាត់រៀបរាប់ថាគាត់ធ្លាប់ឆ្លងកាត់ស្ពានហាលនេះតាំងពីឆ្នាំ២០០៥ ដែលកាលណោះ ស្ពានមានស្ថានភាពបាក់បែក និងស្រុតដោយកន្លែងពិបាកធ្វើដំណើរ។ ប៉ុន្តែពេលនេះ គាត់បានដើរលើស្ពានបុរាណម្តងទៀត ឃើញថា មានភាពរឹងមាំឡើងវិញ ព្រមទាំងធ្វើឱ្យភ្ញៀវដែលមកលេងអង្គរងាយស្រួលធ្វើដំណើរជាងមុនផង។
ចំណែកពលរដ្ឋម្នាក់ទៀតរស់នៅខេត្តកណ្តាល អ៊ំស្រី នូ យ៉ន បានសរសើរថា ស្ពានហាលខាងលិចអង្គរវត្តពិតជាស្រស់ស្អាតប្លែក ស្រួលដើរជាងកាលពីមុន។ គាត់យល់ថា កាជួសជុលស្ពានហាលឱ្យប្រសើរឡើងវិញនេះ គឺបានថែរក្សាទុកស្នាដៃរបស់បុព្វបុរសខ្មែរឱ្យនៅគង់វង្សបានយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយៗទៀតបានឃើញ។

លោកស្រី Linda និង អ្នកស្រី Hidi ជនជាតិអាមេរិក ដែលបានដើរឆ្លងកាត់ស្ពានហាលជាលើកដំបូង បានបង្ហាញការចាប់អារម្មណ៍ខ្លាំងលើសំណង់ប្រាសាទបុរាណដ៏អច្ឆរិយៈរបស់ប្រទេសកម្ពុជានេះ ពិសេស គឺការជួសជុលថែទាំស្ពានហាលនេះជាដើម។
អ្នកទេសចរបរទេសទាំង២ បង្ហាញអារម្មណ៍រំភើប ដោយចាត់ទុកថា រូបគាត់ទាំងពីរមានសំណាងណាស់ ពីព្រោះដំណើរកម្សាន្តនៅរមណីយដ្ឋានអង្គរ ស្របពេលសំណង់ស្ពានហាលបានជួសជុលរួចរាល់ ហើយបានដើរឆ្លងកាត់ជាលើកដំបូង។
ការពោលសរសើរអំពីការងាររបស់អាជ្ញាធរជាតិអប្សរា ក្នុងការជួសជុលព្រមទាំងសម្រស់ស្ពានហាលខាងលិចអង្គររបស់ភ្ញៀវទេសចរចម្រុះជាតិសាសន៍នេះ កើតមានឡើងបន្ទាប់ពីស្ពានហាលខាងលិចអង្គរ បានជួសជុលរួចរាល់ ព្រមទាំងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការឡើងវិញ៕