ភ្នំពេញ៖ ក្រៅពីការអនុវត្តវិធានគន្លឹះ និងវិធានការដទៃទៀត ដែលត្រូវបានដាក់ចេញក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១, សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានដាក់ចេញនូវអនុសាសន៍ ៦ ចំណុច សម្រាប់ក្រសួងមហាផ្ទៃអនុវត្ត។
សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវអនុសាសន៍បែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៦ វិច្ឆិកា ២០២៣។
អនុសាសន៍ ទាំង៦ ចំណុចមានដូចតទៅ៖
ទី១. ក្រសួងមហាផ្ទៃត្រូវពង្រឹងសមត្ថភាពមន្រ្តីរបស់ខ្លួន ជាពិសេស មន្រ្តីណាដែលនៅកៀកជិតប្រជាពលរដ្ឋ ឱ្យមាននូវមនសិការ, ក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ ព្រមទាំងមានសមត្ថភាព ស័ក្តិសមជាទីពឹងពាក់របស់ប្រជាពលរដ្ឋ ។
ទី២. ក្រសួងមហាផ្ទៃត្រូវពង្រឹងនូវភាពស្អាតស្អំ ជាពិសេស ត្រូវពង្រឹងនូវយន្តការសវនកម្មផ្ទៃក្នុងរបស់ខ្លួន ដើម្បីទប់ស្កាត់ និងបង្រ្កាបការប្រើប្រាស់អំណាចខុសច្បាប់ និងត្រូវចាត់វិធានការតាមច្បាប់ជាធរមានឱ្យបានតឹងរ៉ឹង ប្រសិនមានករណីនេះកើតឡើង ។
ទី៣. ក្រសួងមហាផ្ទៃត្រូវធ្វើវិចារណកម្មនូវប្រសិទ្ធភាព និងភាពងាយស្រួលនៃការផ្តល់សេវាសាធារណៈរបស់ខ្លួន ដើម្បីធានាថា គ្មាននីតិវិធីមួយណា ដែលបង្កការលំបាកនិងដែលមិនចាំបាច់ ដល់ប្រជាពលរដ្ឋឡើយ ។
ទី៤. ក្រសួងមហាផ្ទៃត្រូវពង្រឹងនូវយន្តការច្រកចេញ-ចូលតែមួយ ហើយត្រូវពន្លឿនការដាក់សេវាសាធារណៈទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា, ជាពិសេស ថ្នាល CamDX, ដោយត្រូវផ្តល់អាទិភាពដល់សេវាសាធារណៈណា ដែលប្រជាពលរដ្ឋត្រូវការចាំបាច់ ឬជាញឹកញាប់ ដូចជា សេវាអត្រានុកូលដ្ឋាន, ការស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្ម ជាដើម ។
ទី៥. ក្រសួងមហាផ្ទៃត្រូវធ្វើការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាប្រសិទ្ធភាពនៃការវិភាជធនធាន ទៅកាន់ថ្នាក់ក្រោមជាតិ ដើម្បីធានាថា ថ្នាក់ក្រោមជាតិអាចបំពេញមុខងារ និងភារកិច្ចដែលត្រូវបានធ្វើប្រតិភូកម្ម ដោយជោគជ័យ ។
ទី៦. ក្រសួងមហាផ្ទៃត្រូវពង្រឹងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃរាល់គោលនយោបាយទាំងអស់ ដែលថ្នាក់ជាតិបានដាក់ចេញឱ្យថ្នាក់ក្រោមជាតិអនុវត្ត ដើម្បីពង្រឹងការផ្សារភ្ជាប់គោលនយោបាយទៅនឹងការអនុវត្តជាក់ស្តែង និងដើម្បីធានាបាននូវការបម្រើបងប្អូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព, ប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈខ្ពស់ ៕