កម្ពុជាប្តេជ្ញាការពារសត្វផ្សោតទន្លេមេគង្គ លើឆាកអន្តរជាតិ តាមរយៈសិល្បៈ និងវិទ្យាសាស្រ្ត

ភ្នំពេញ៖ លោកស្រី អឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា កម្ពុជាបានប្តេជ្ញាចិត្ត យ៉ាងមោះមុតមាំ ក្នុងការការពារសត្វផ្សោតទន្លេមេគង្គដ៏មានតម្លៃឥតគណនា នៅលើឆាកអន្តរជាតិ តាមរយៈសិល្បៈ និងវិទ្យាសាស្រ្ត។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរួម។

សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា វីដេអូបទចម្រៀង «ផ្សោតដួងចិត្ត» ដែលច្រៀងដោយអ្នកនាង មាស សុខសោភា បានបង្ហាញអំពីមោទកភាពនៃវត្តមានសត្វផ្សោត ទន្លេមេគង្គកម្ពុជា នៅក្នុងកិច្ចប្រជុំអន្តរជាតិស្ដីពី «ការថ្លែងជាសកលក្នុងការការពារសត្វផ្សោតទឹកសាបពិភពលោក» នៅប្រទេស កូឡុំបី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ (ត្រូវនឹងថ្ងៃអង្គារ ទី២៤ ខែតុលានៅកម្ពុជា)។

ភ្ជាប់ជាមួយគ្នានេះ គណៈប្រតិភូតំណាងកម្ពុជា មកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល និងតំណាងពីអង្គការ WWF កម្ពុជា ក៏បានបង្ហាញពីការសមិទ្ធិផលការងារ ការស្រាវជ្រាវតាមបែបផែនបច្ចេកទេសវិទ្យាសាស្ត្រ និងការប្តេជ្ញាចិត្ត ក្នុងការអភិរក្ស សត្វផ្សោតទឹកសាបក្នុងប្រទេសផងដែរ។

ក្នុងឱកាសនោះ លោកស្រី អឹម រចនា បានមានប្រសាសន៍ថា៖ «នៅក្នុងការចូលរួមប្រជុំនៅប្រទេសកូឡុំប៊ីនាឱកាសនេះ កម្ពុជាបានបង្ហាញពីសក្តានុពលនៃធនធានជលផល និង ការប្តេជ្ញាចិត្ត យ៉ាងមោះមុតរបស់ខ្លួនក្នុងការការពារសត្វផ្សោតទន្លេមេគង្គដ៏មានតម្លៃឥតគណនា»។

លោកស្រី សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ ដល់កិច្ចការពារអភិរក្សសត្វផ្សោត និងធនធានវារីសាស្ត្រក្នុងតំបន់ ស្របតាមគោលនយោបាយបញ្ចកោណ ដោយគាំទ និងជម្រុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរាប់ចាប់ពីអ្នកសិល្បៈ សហគមន៍មូលដ្ឋាន អ្នកបច្ចេកទេសវិទ្យាសាស្ត្រ ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិនានា រួមគ្នាដើម្បីធានាចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ធន់នឹងការប្រែប្រួលអាកាសធាតុ។

ជាមួយគ្នានោះ លោកសេង ទៀក នាយកអង្គការWWF បានមានប្រសាសន៍ថា «ការចូលរួមពីគ្រប់ភាគីទាំងអស់គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ។ តួយ៉ាងនៅក្នុងការប្រជុំអន្តរជាតិនេះ មានការប្តេជ្ញារួមគ្នាការពារសត្វផ្សោតទឹកសាបក្នុងពិភពលោក។ កម្ពុជាបានកៀរគរការចូលរួមពីអ្នកមានប្រជាប្រិយភាពក្នុងសង្គមដូចជាអ្នកនាងសោភាអ្នកបច្ចេកទេសវិទ្យាសាស្ត្រពីរាជរដ្ឋាភិបាលដោយធ្វើការក្នុងភាពជាដៃគូយ៉ាងល្អជាមួយអង្គការWWF បង្ហាញពីសុឆន្ទៈរួមដ៏សំខាន់ដើម្បីផ្ដល់ក្ដីសង្ឃឹមដល់ការរស់រាននៃសត្វផ្សោតទន្លេមេគង្គ»។

សូមបញ្ជាក់ថា កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១៤ប៉ុណ្ណោះក្នុងពិភពលោក ដែលនៅមានវត្តមានសត្វផ្សោតទឹកសាបដ៏កំររស់ នៅក្នុងទន្លេ (មេគង្គ)។ សត្វផ្សោតទឹកសាបសរុប៦ប្រភេទកំពុងប្រឈមនឹងការផុតពូជ។ ដូច្នេះហើយទើបប្រទេសនានាដែល នៅសេសសល់វត្តមានសត្វផ្សោតទឹកសាប ចូលរួមបង្ហាញការប្តេជ្ញាចិត្តរួមគ្នាដើម្បីការពារសត្វផ្សោត និងទីជម្រករបស់ពួកវាក្នុងការប្រជុំនៅប្រទេសកូឡុំប៊ី នាថ្ងៃទី២៣ និង២៤ ខែតុលា ឆ្នាំ២០២៣នេះ៕