លោក កើត រិទ្ធ ប្រកាសតែងតាំងលោកស្រី ចាតសូ រស្មី ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង ជំនួស លោក រស់ សារាំ

កោះកុង៖ លោក  កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ជាសមាជិកទី១ នៃឧត្តម-ក្រុមប្រឹក្សានៃអង្គចៅក្រម នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៣ បាន  ប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរបស់លោកស្រី ចាតសូ រស្មី ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង ជំនួសលោក  រស់ សារាំ ដែលត្រូវបានផ្ទេរភារកិច្ចទៅជាព្រះរាជអជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ។

ពិធីការខាងលើនេះក៏មានការអញ្ជើញចូលរួមពីអភិបាលនៃគណៈអភិបាលខេត្តកោះកុង, តំណាងនៃប្រធានក្រុមប្រឹក្សាខេត្តកោះកុង, សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍សីហនុ, ប្រធានសាលាដំបូង ព្រះរាជអាជ្ញា ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី អាជ្ញាសាលា មន្រ្តីតុលាការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀតជាច្រើនរូប។

នាឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះ លោកស្រី ចាតសូ រស្មី ដែលត្រូវបានផ្ទេរ និងតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកោះកុង និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ លោក រស់ សារាំ ព្រមទាំងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ ដែលបានគាំទ្រ និងផ្តល់ការសហការបានល្អប្រសើរ ក្នុងការធានាថែរក្សានូវស្ថិរភាពសង្គម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ កន្លងទៅនេះ ជាពិសេសការខិតខំអនុវត្តភារកិច្ចក្នុងការធ្វើចំណាត់ការរឿងក្តីព្រហ្មទណ្ឌទាន់ពេលវេលា ពុំឱ្យមានការកក់ស្ទះ ហើយក៏បានស្នើឱ្យបន្តនូវកិច្ចសហការដ៏ល្អនេះទៀត៕