អគារថ្មី ទីស្ដីការក្រសួងមហាផ្ទៃ ត្រូវបានប្រសិទ្ធនាមថា «វិមានវរៈជ័យ» នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើមខែក្រោយ

ភ្នំពេញ៖ លោក ម៉ៅ ច័ន្ទតារា រដ្ឋមន្ត្រីស្តីទី ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការរៀបចំពិធីសម្តោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ។

ក្នុងឱកាសនោះលោក ម៉ៅ ច័ន្ទតារា បានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះធ្វើឡើងដើម្បីត្រួតពិនិត្យការងារពាក់ព័ន្ធនានា ដែលត្រៀមសម្រាប់ការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ នាពេលដ៏ខ្លីខាងមុខ។

ជាមួយគ្នានោះ លោក បានបញ្ជាក់ថា «តាមការគ្រោងទុកអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ នឹងត្រូវបានរៀបចំធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃនេះ ត្រូវបានប្រសិទ្ធនាមថ្មីថា «វិមានវរៈជ័យ» ដែលទទួលបានគោលការណ៍ផ្លូវការដ៏ខ្ពង់ខ្ពស់ពី សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ប៉ុន្តែក្រសួងមហាផ្ទៃ បានកំពុងគោរពស្នើសុំគោលការណ៍ឯកភាពពីរាជរដ្ឋាភិបាលបន្តទៀត»។

លើសពីនេះទៀតលោករដ្ឋមន្រ្តីស្ដីទី ក៏បានណែនាំដល់អនុគណៈកម្មការទាំងអស់ ដែលជាចំណុះគណៈកម្មការរៀបចំពិធីសម្តោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃ ឱ្យខិតខំរៀបចំការងារពាក់ព័ន្ធទាំងឡាយឱ្យបានរួចរាល់តាមការគ្រោងទុក ស្របតាមផែនការដែលថ្នាក់ដឹកនាំបានប្រគល់ជូននូវតួនាទីភារកិច្ចទទួលខុសត្រូវ។

បន្ថែមពីនេះទៀត លោកសង្កត់ធ្ងន់ថា ពិធីសម្ពោធនេះ ត្រូវតែរៀបចំឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយបំផុត ធ្វើយ៉ាងណាឱ្យពិធីនេះប្រព្រឹត្តទៅប្រកបដោយមហាកិត្តិយឱ្យសមទៅនិងមុខមាត់ និងអគារដ៏ស្កឹមស្កៃរបស់ក្រសួងមហាផ្ទៃ។

គួរបញ្ជាក់ថា អគារទីស្ដីការក្រសួងមហាផ្ទៃ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព សម្ដេច ស ខេង និងលោកជំទាវ។ អគារនេះ មានទំហំ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ មានកម្ពស់៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្តដែលអាចចតរថយន្តក្នុងអគារបានសរុបចំនួន ៣៣០គ្រឿងដែលបាន​ចំណាយ​ថវិកា​សាងសង់​សរុប​ប្រមាណ​ ៦០ ​លាន​ដុល្លារ​អាមេរិក

លេីសពីនេះ ប្លង់ស្ថាបត្យកម្មនៃអគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ ជាប្រភេទស្ថាបត្យកម្ម ក្លាសិក រចនាបទខ្មែរដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ លំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ អនុលោមតាមគោលការណ៍សមមាត្រនៃរូបរាងអគារ និងគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ និងខ្យល់ធម្មជាតិ ប្រកបដោយផាសុខភាព ស័ក្តិសមជាទីកន្លែងធ្វើការបែបសម័យទំនើប៕