លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ផ្ញើ​សារលិខិត​គោរព​ជូនពរ សម្ដេច​ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង សំរិន

លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​នៃ​ក្រសួងយុត្តិធម៌ បាន​ផ្ញើ​សារលិខិត​គោរព​ជូនពរ សម្ដេច​ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង សំរិន ឧត្ដម​ភរិយា សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​កម្ពុជា ក្នុងឱកាស​ដ៏​មហា​ជ័យ​មង្គល​ចម្រើន​ជន្មាយុ​គម្រប់ ៨៤​ឆ្នាំ ឈានចូល ៨៥​ឆ្នាំ ដែល​ប្រព្រឹត្ត​ទៅនា​ថ្ងៃ​អង្គារ ៦​រោច ខែមាឃ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២២​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Fresh News នៅ​ថ្ងៃទី​២៣ កុម្ភៈ​នេះ​។​

នាឱកាស​ប្រកបដោយ​សិរី​មង្គល​ថ្លៃថ្លា​នេះ យើងខ្ញុំ​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំងបី វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក ទេវតា​ឆ្នាំ​ថ្មី ទេវតា​ថែរក្សា​ទឹកដី​នៃ ព្រះរាជាណាចក្រ​កម្ពុជា សូម​ព្រះអង្គ​តាម​ជួយ​បីបាច់​ថែរក្សា អភិបាល​ប្រោះព្រំ​សព្ទសាធុការ​ពរជ័យ​ជូន សម្ដេច​ធម្ម​វិសុទ្ធ​វង្សា សូម​មាន​សុខ​ភាពល្អ​បរិបូរណ៍ អាយុ​យឺនយូរ កម្លាំង​ខ្លាំងក្លា ប្រាជ្ញា​វាងវៃ​ភ្លឺ​ថ្លា​។​

​ជាថ្មី​ម្ដងទៀត យើងខ្ញុំ​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ និង​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក សូម​ប្រោស​ប្រទាន​ពរជ័យ​ជូន សម្ដេច​ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង សំរិន និង សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ព្រមទាំង​បុត្រា​-​បុត្រី ចៅប្រុស​-​ចៅស្រី​ជាទី​ស្រឡាញ់ សូម​បាន​សម​ប្រកបដោយ​ពុទ្ធពរ និង​ពរ​ទាំង​ប្រាំ​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ និង​បដិភាណ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​