សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានថា វាគ្មានការលំបាកពេកនោះទេ ក្នុងការដករដ្ឋមន្ត្រីណាមួយចោលនោះ ដោយសម្តេចត្រូវការពេលយ៉ាងយូរ២៤ម៉ោងប៉ុណ្ណោះដើម្បីដករដ្ឋមន្ត្រីមួយចេញ ដោយការធ្វើនេះគឺធ្វើឡើងតាមរយៈការព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ។
ការលើកឡើងរបស់សម្ដេចបែបនេះ គឺធ្វើឡើងបន្ទាប់ពីសម្តេចបានបង្ហាញពីភាពមិនសប្បាយរបស់សម្តេចក្នុងនាមជានាយករដ្ឋមន្ត្រីដែលឃើញរដ្ឋមន្ត្រីខ្លួនឯង ជាពិសេសរដ្ឋមន្ត្រីក្រសួងកសិកម្មបំពេញការងារដោយមិនព្រមសហការជាមួយរដ្ឋមន្ត្រីផ្សេងទៀត និងមានភាពចន្លោះប្រហោងនៅក្នុងការងាររបស់ខ្លួនជារដ្ឋមន្ត្រី។
ថ្លែងក្នុងឱកាសដែលបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃពុធ ទី២៣ កុម្ភៈនេះ សម្តេច ហ៊ុន សែន ចង់ឃើញរដ្ឋមន្ត្រីទាំងអស់ក្នុងគណៈរដ្ឋមន្ត្រីរបស់សម្តេចនាពេលបច្ចុប្បន្ននេះត្រូវបំពេញភារកិច្ចឱ្យបានពេញលេញក្នុងអាណត្តិរបស់សម្តេចជានាយករដ្ឋមន្ត្រី ដោយកុំធ្វើការងារនៅត្រឹមពាក់កណ្តាលទី។
សម្តេច បានសង្កត់ធ្ងន់ថា “វាមិនលំបាកទេក្នុងការដករដ្ឋមន្ត្រីចោលមួយនោះ! ត្រូវការត្រឹមតែ យើងយ៉ាងយូរ២៤ម៉ោង ខ្ញុំដករដ្ឋមន្ត្រីមួយចេញបានហើយ ដកដោយព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ”៕