សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានហៅរបៀបធ្វើការងាររបស់រដ្ឋមន្ត្រីក្រសួងកសិកម្មបច្ចុប្បន្ន គឺមានរបៀបធ្វើការបែបជិះសេះមើលផ្កា និងក៏ជារដ្ឋមន្ត្រីដែលមិនចេះសហការជាមួយរដ្ឋមន្ត្រីផ្សេងទៀត ពាក់ព័ន្ធនឹងការងារដែលអនុវត្តន៍កន្លងទៅនេះ។
ថ្លែងក្នុងឱកាសដែលបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃពុធ ទី២៣ កុម្ភៈនេះ សម្តេច ហ៊ុន សែន បានលើកឡើងថា ការអនុវត្តការងារកន្លងទៅ ឧទាហរណ៍ជាក់ស្តែងដូចករណីចុះចែកពូជស្រូវដល់ប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់កាលពីកន្លងទៅ រដ្ឋមន្ត្រីក្រសួងកសិកម្មខ្លួនឯងចែកបានតែ៣ទៅ៤រយគ្រួសារ ខណៈដែលរាប់ពាន់គ្រួសារទៀតមិនទាន់បានទទួលជាដើម។
ត្រង់ចំណុចខាងលើនេះ សម្តេច បានគូសបញ្ជាក់ថា “ឃើញទេ រាប់ពាន់គ្រួសារនៅទីនោះដែលត្រូវទទួលជំនួយស្រូវពូជ ក្នុងពេលដែលរដ្ឋមន្ត្រីកសិកម្មខ្លួនឯងចុះទៅរកឃើញតែប៉ុន្មានគ្រួសារ”។
សម្តេច បន្តថា សម្តេចពិតជាមានការតឹងទ្រូងណាស់លើបញ្ហាទាំងនេះ ដែលសម្តេចពិបាកក្នុងការលាក់ទុកណាស់ ដែលតម្រូវឱ្យសម្តេចត្រូវនិយាយត្រង់ៗតែម្តងនៅពេលនេះ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ សម្តេច បានសង្កត់ធ្ងន់ថា “មើល ខុន ឯង បង្កើនកិច្ចសហប្រតិបត្តិការបន្តិចមើល! ក្នុងចំណោមរដ្ឋមន្ត្រី ខ្ញុំសុំចង្អុលបង្ហាញថា ក្នុងចំណោមរដ្ឋមន្ត្រី រដ្ឋមន្ត្រី ដែលមិនព្រមសហការជាមួយអ្នកដទៃគឺរដ្ឋមន្ត្រីកសិកម្មនេះឯង”៕