សម្តេច ហ៊ុន សែន​ ៖ ក្នុងចំណោម​រដ្ឋមន្ត្រី​ គឺ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​នេះហើយ ​ដែល​មិនចេះ​សហការ​ជាមួយ​រដ្ឋមន្ត្រី​ផ្សេងទៀត

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​លើកឡើងថា ក្នុងចំណោម​រដ្ឋមន្ត្រី​គឺ​មានតែ​រដ្ឋមន្ត្រីក្រសួង​កសិកម្ម ដែលមាន​លោក វេ​ង សារុន ជា​រដ្ឋមន្ត្រី គឺ​មិនសូវ​ចេះ​សហការ​ជាមួយ​រដ្ឋមន្ត្រី​ផ្សេងទៀត ដែល​ត្រង់ចំណុច​នេះ​សម្តេច​បាន​ណែនាំ​ឱ្យមាន​ការកែតម្រូវ​ពី​របៀបរបប​នៃ​ការធ្វើការងារ​ឡើងវិញ​។​

​ថ្លែង​នៅ​ចំពោះមុខ​លោក វេ​ង សាខុន ដោយ​សម្តី​ម៉ឺងម៉ាត់ ក្នុងឱកាស​ដែល​បិទ​សន្និបាត​បូកសរុប​ការងារ ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ របស់​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ពុធ ទី​២៣ កុម្ភៈ​នេះ សម្តេច ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា “​មើល ខុន ឯង បង្កើន​កិច្ចសហប្រតិបត្តិការ​ប​ន្តិ​ច​មើល​! ក្នុងចំណោម​រដ្ឋមន្ត្រី ខ្ញុំ​សុំ​ចង្អុល​បង្ហាញថា ក្នុងចំណោម​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ដែល​មិន​ព្រម​សហការ​ជាមួយ​អ្នកដទៃ​គឺ​រដ្ឋមន្ត្រី​កសិកម្ម​នេះឯង​”​។​

​ការលើកឡើង​របស់​ស​ម្តេច ហ៊ុន សែន បែបនេះ គឺធ្វើឡើង​បន្ទាប់ពី​សារ​ឆ្លងឆ្លើយ​គ្នា​បង្ហាញ​ពី​ការយល់ឃើញ​ខុសគ្នា​រវាង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ពាក់ព័ន្ធ​នឹង​ការរៀបចំ​យន្តការ​ដេញថ្លៃ​នាំចូល​ជ្រូក​រស់​ផ្គត់ផ្គង់​ទីផ្សារ​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ​។​

​សម្តេច ហ៊ុន សែន បាន​បញ្ជា​ឱ្យ​លោក វេ​ង សាខុន សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​ធ្វើ​ការងារ​ពាក់ព័ន្ធ​ និង​ការរៀបចំ​យន្តការ​ដេញថ្លៃ​នាំចូល​ជ្រូក​រស់​ផ្គត់ផ្គង់​ទីផ្សារ​កម្ពុជា​ឱ្យបាន​ល្អ​។ ត្រង់ចំណុច​នេះ សម្តេច បាន​សង្កត់ធ្ងន់ថា “​មិនមែន​លោក​ឯង​ដឹកនាំ​ក្រសួងកសិកម្ម រួចហើយ​ត្រួតត្រា​សេដ្ឋកិច្ច​ខ្មែរ​ទាំងមូល​ណា​! អាហ្នឹង​ខ្ញុំ​និយាយ​ឱ្យ​ច្បាស់​ជាមួយ​លោក​ឯង​”​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ កាលពីពេល​ថ្មីៗ​នេះ ក្រសួង​សេដ្ឋកិច្ច បាន​លើកឡើងថា យន្តការ​ដេញថ្លៃ​នាំចូល​ជ្រូក​រស់​ផ្គត់ផ្គង់​មក​កម្ពុជា ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ការពារ​ទាំង​អ្នក​ចិញ្ចឹម និង​អ្នកប្រើប្រាស់​។ ក្រសួង​បញ្ជាក់ថា យន្តការ​មួយ​នេះ​នឹងត្រូវ​យកមកអនុវត្ត ក្នុងករណី​ដែ​ល​មាន​ការខ្វះ​ជ្រូក​តែប៉ុណ្ណោះ​។

ដោយឡែក លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ថា បច្ចុប្បន្ន​កម្ពុជា​មានលទ្ធភាព​ក្នុងការ​ផ្គត់ផ្គង់​ជ្រូក ១០០ ភាគរយ​ហើយ ហេតុនេះ​ពុំ​ចាំបាច់​អនុវត្ត​យន្តការ​ដេញថ្លៃ​ជ្រូក​រស់​នាំ​ចូលមក​នោះទេ​។ ម្យ៉ាងទៀត​ក្រសួងកសិកម្ម​បាន​ពិនិត្យឃើញថា សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​អាច​ធានា​ការផ្គត់ផ្គង់​ជ្រូក​នៅលើ​ទីផ្សារ​បាន​ដោយ​ពុំ​ចាំបាច់​នាំចូល​ទេ​៕​