ប្រជាពលរដ្ឋខ្មែរភាពច្រើនស្ទើរតែមិនធ្លាប់ឭពាក្យអឌ្ឍសិទ្ធិភាព ប៉ុន្តែបើនិយាយពីព្រំដែន ព្រំប្រទល់ដី ឬ ខ័ណ្ឌសីមាពីដីមួយទៅដីមួយ ពីផ្ទះមួយទៅផ្ទះមួយ របង ភ្លឺ ស្នាមភ្លោះ(តំបន់ខ្លះហៅភ្លឺចូលមាឃ) គឺ ពួកគាត់បានដឹង និងយល់អំពីចំណុចទាំងនេះ។
ដើម្បីឱ្យយល់កាន់តែច្បាស់អំពី ខ្លឹមសារតាមផ្លូវច្បាប់របស់ពាក្យអឌ្ឍសិទ្ធិភាព សារព័ត៌មានខ្មែរឈានមុខ សូមបកស្រាយដោយបង្ហាញជូនដោយសង្ខេបដូចខាងក្រោមនេះ ៖
អឌ្ឍសិទ្ធិភាពគឺ ជាស្ថានភាពដែលជនដែលមានកម្មសិទ្ធិលើដីជាប់គ្នា មានកម្មសិទ្ធិរួមដោយមានភាពអវិភាគ លើជញ្ជាំង ឬ កំពែងដូចជាស្នាមភ្លោះ ភ្លឺ របង ដែលនៅត្រង់ព្រំខ័ណ្ឌដី ឬ អាគារលើដីនោះ។ ចំពោះជញ្ជាំងខ័ណ្ឌអាគារជាប់គ្នាដែលមានកម្ពស់ខុសគ្នា ចំណែកនៃជញ្ជាំងដែលជាប់គ្នាត្រឹមអាគារទាប និង របងខ័ណ្ឌដីដែលចែកសួនច្បារទាំងអស់ ត្រូវសន្មតថា នៅក្រោមអឌ្ឍសិទ្ធិភាព។
ឧទាហរណ៍ : លោក សុខ ចាន់បុត្រ និងអ្នកស្រី ជូប សប្បាយណា មានព្រំប្រទល់ដីជាប់គ្នា ស្ថិតនៅទីតាំងភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ត្រង់ចំណុចព្រំខ័ណ្ឌនៃដីកម្មសិទ្ធិករទាំងពីរនាក់ ត្រូវបានក្រមរដ្ឋប្បវេណីកម្ពុជាឆ្នាំ២០០៧ ឱ្យឈ្មោះថា អឌ្ឍសិទ្ធិ។
តើម្ចាស់កម្មសិទ្ធិដែលមានអចលនវត្ថុជាប់គ្នាមានសិទ្ធិ និងកាតព្វកិច្ចដូចម្តេចខ្លះលើព្រំខ័ណ្ឌនៃអចលនវត្ថុទាំងពីរ? ឆ្លើយតបនឹងសំនួរមួយនេះ សូមលើកនូវចំណុចចំនួន ០៨ (ប្រាំបី) ដូចខាងក្រោមនេះ ៖
១. ការជួសជុល និង ការសាងសង់ឡើងវិញ នូវជញ្ជាំងអឌ្ឍសិទ្ធិ ជាបន្ទុករបស់អ្នកដែលមានអឌ្ឍសិទ្ធិលើជញ្ជាំងនោះ តាមសមាមាត្រទៅនឹងសិទ្ធិម្នាក់ៗ។ អ្នកមានអឌ្ឍសិទ្ធិណាម្នាក់ អាចរួចផុតពីបន្ទុកនៃសោហ៊ុយជួសជុល ឬ សាងសង់ឡើងវិញបាន ដោយបោះបង់អឌ្ឍសិទ្ធិ ។ ប៉ុន្ដែ ចំណុចនេះ មិនត្រូវយកមកអនុវត្ដឡើយ ចំពោះករណីដែលជញ្ជាំង អឌ្ឍសិទ្ធិនោះ ជាផ្នែកមួយនៃអាគារ។
២. កម្មសិទ្ធិករនៃអឌ្ឍសិទ្ធិម្នាក់ៗ អាចបោះធ្នឹម ឬ រនូតឱ្យចូលដល់ពាក់កណ្ដាលនៃកម្រាស់់ជញ្ជាំង ដើម្បីធ្វើការ្យផ្សេងៗ ដោយប្រើជញ្ជាំងនោះ។ កម្មសិទ្ធិករនៃអឌ្ឍសិទ្ធិមិនអាចចោះជញ្ជាំងអឌ្ឍសិទ្ធិ ឬ ធ្វើការ្យអ្វីដែលបណ្ដាលឱ្យមានការខូចខាតដល់ជញ្ជាំងអឌ្ឍសិទ្ធិ ដោយគ្មានការយល់ព្រមពីកម្មសិទ្ធិករម្ខាងទៀតបានឡើយ។ បើកម្មសិទ្ធិករនៃអឌ្ឍសិទ្ធិម្ខាងទៀតបដិសេធមិនយល់ព្រម ដោយគ្មានមូលហេតុត្រឹមត្រូវ កម្មសិទ្ធិករនៃអឌ្ឍសិទ្ធិអាចទាមទារឱ្យតុលាការចេញសាលក្រម ឬ សាលដីកា ជំនួសការយល់ព្រមនោះ។ តុលាការអាច ចេញសាលក្រម ឬ សាលដីកាជំនួសការយល់ព្រមបាន ដោយប្ដូរនឹងការដាក់ប្រាតិភោគ(ការយកវត្ថុណាមួយមកដាក់ធានា)សមរម្យ។
៣. កម្មសិទ្ធិករនៃដីដែលជាប់នឹងជញ្ជាំង អាចធ្វើជញ្ជាំងនោះឱ្យទៅជាជញ្ជាំងអឌ្ឍសិទ្ធិបាន ដោយ ចេញពាក់កណ្ដាលនៃថ្លៃជញ្ជាំងនោះ និង ពាក់កណ្ដាលនៃថ្លៃដីដែលសង់ជញ្ជាំងពីលើនោះ។ បើពុំដូច្នេះទេ កម្មសិទ្ធិករនៃដីនោះមិនអាចប្រើប្រាស់ជញ្ជាំងនោះក្នុងរូបភាពជាជញ្ជាំងអឌ្ឍសិទ្ធិបានទ្បើយ។
៤. កម្មសិទ្ធិករនៃអឌ្ឍសិទ្ធិអាចសង់បន្ថែមកម្ពស់ជញ្ជាំងអឌ្ឍសិទ្ធិបាន។ ប៉ុន្ដែ សោហ៊ុយក្នុងការសង់បន្ថែមនោះ និង សោហ៊ុយក្នុងការជួសជុលដើម្បីថែទាំជញ្ជាំងដែលខ្ពស់ហួស កម្ពស់ដើមដែលជាអឌ្ឍសិទ្ធិនោះ ត្រូវក្លាយជាបន្ទុករបស់កម្មសិទ្ធិករនៃអឌ្ឍសិទ្ធិដែលបានសង់បន្ថែមកម្ពស់ជញ្ជាំងនោះ។ ក្នុងករណីដែលជញ្ជាំងអឌ្ឍសិទ្ធិមិនអាចទ្រទ្រង់នឹងទម្ងន់ដែលសង់បន្ថែមកម្ពស់់បានទេ អ្នកដែលចង់សង់បន្ថែមនោះ អាចសង់ឡើងវិញទាំងអស់បាន ដោយចំណាយសោហ៊ុយផ្ទាល់ខ្លួន។ ប៉ុន្ដែ ក្នុងករណីដែលបន្ថែមកម្រាស់វិញ ចំណែកកម្រាស់ដែល បន្ថែមនោះ ត្រូវជាបន្ទុកនៃខាងដីរបស់ខ្លួន។ អ្នកជិតខាងដែលមិនបានសហការក្នុងការសង់បន្ថែមកម្ពស់ជញ្ជាំង អាចទទួល អឌ្ឍសិទ្ធិនៃចំណែកដែលបានបន្ថែមកម្ពស់នោះបាន ដោយបង់ពាក់កណ្ដាលនៃសោហ៊ុយសង់ ហើយដោយបង់ពាក់កណ្ដាលនៃថ្លៃដីដែលត្រូវការ ដើម្បីបន្ថែមកម្រាស់ ប្រសិនបើបានបន្ថែមកម្រាស់។
៥. កំពែងទាំងអស់ ដែលនៅត្រង់ព្រំខ័ណ្ឌអចលនវត្ថុ ត្រូវសន្មតថាជា វត្ថុអឌ្ឍសិទ្ធិរបស់កម្មសិទ្ធិករនៃអចលនវត្ថុនីមួយៗ។ កំពែងអឌ្ឍសិទ្ធិក្រៅពីជញ្ជាំងអឌ្ឍសិទ្ធិ ត្រូវថែទាំដោយសោហ៊ុយរួមរបស់កម្មសិទ្ធិករនៃកំពែងអឌ្ឍសិទ្ធិនោះ។ កម្មសិទ្ធិករនៃកំពែងអឌ្ឍសិទ្ធិអាចរួចផុតពីបន្ទុកនៃការបង់សោហ៊ុយបានដោយបោះបង់នូវអឌ្ឍសិទ្ធិរបស់ខ្លួន។
៦. កម្មសិទ្ធិករនៃស្នាមភ្លោះដែលមានទឹកហូរ មិនអាចបោះបង់អឌ្ឍសិទ្ធិរបស់ខ្លួនបានឡើយ ។
៧. កម្មសិទ្ធិករ ដែលមានអចលនវត្ថុជាប់នឹងកំពែងក្រៅពីជញ្ជាំងដែលមិនមែនជាវត្ថុអឌ្ឍសិទ្ធិ មិនអាចទាមទារឱ្យកម្មសិទ្ធិករនៃកំពែងនោះធ្វើជាវត្ថុអឌ្ឍសិទ្ធិបានឡើយ។
៨. កម្មសិទ្ធិករនៃរបងអឌ្ឍសិទ្ធិ អាចយករបងចេញ តាមកម្រិតនៃកម្មសិទ្ធិរបស់ខ្លួនបាន។ ប៉ុន្ដែ កម្មសិទ្ធិករនោះ មានករណីកិច្ចធ្វើជញ្ជាំង នៅកន្លែងត្រឹមកម្រិតនៃកម្មសិទ្ធិនោះ។ ករណីនេះក៏អនុវត្តដូចគ្នាផងដែរ ចំពោះស្នាមភ្លោះ និង ភ្លឺ អឌ្ឍសិទ្ធិ សម្រាប់ធ្វើជាកំពែងតែប៉ុណ្ណោះ៕
សូមរម្លឹកផងថា មូលដ្ឋានទាញចេញសម្រាប់ការបកស្រាយអឌ្ឍសិទ្ធិភាពគឺ ផ្អែកលើក្រមរដ្ឋប្បវេណីកម្ពុជាប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខៈ នស/រកម/១២០៧/០៣១ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០០៧។