រដ្ឋបាល​ទីក្រុង​ហុងកុង ​ដាក់​កំហិត​ឱ្យ​ពលរដ្ឋ​ខ្លួន ៧.៥​លាន​នាក់​ធ្វើតេស្តរ​កកូ​វីដ​១៩

រដ្ឋបាល​ទីក្រុង​ហុងកុង ​បានប្រកាស​ជា​កំហិត​ឱ្យ​ពលរដ្ឋ​ខ្លួន ៧.៥​លាន​នាក់ ត្រូវធ្វើ​តេស្តរ​កកូ​វីដ​១៩ ខណៈដែល​ពេលនេះ​ទីក្រុង​មួយ​នេះ ​មាន​ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង មានការ​កើនឡើង​ខ្លាំង​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ប៊ី​ប៊ី​ស៊ី​នៅ​ថ្ងៃទី​២២ កុម្ភៈ​នេះ​។​

​លោកស្រី ខា​រី ឡាំ នាយក​ប្រតិបត្តិ​តំបន់​សេដ្ឋកិច្ច​ពិសេស​ហុងកុង បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ហុងកុង ​នឹងត្រូវ​ឆ្លងកាត់​ការធ្វើ​តេស្តរ​កកូ​វីដ​១៩​ចំនួន​បី​ដង​នៅ​ពាក់កណ្តាល​មីនា ឆ្នាំ​២០២២​ខាងមុខនេះ​។

​ប្រឈមមុខ​នឹង​បញ្ហា​នេះ សាលារៀន​នឹង​ឈប់សម្រាក​មុន​រដូវក្តៅ វិធានការ​រក្សា​គម្លាត​សង្គម​យ៉ាង​តឹងរ៉ឹង ហើយ​និង​ការទប់ស្កាត់​ការធ្វើដំណើរ​នៅតែ​បន្ត​អនុវត្តន៍​។​

​ប្រភព​ដដែល បាន​បន្តថា កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង បាន​ឆ្លង​ខ្លាំង​គ្របដណ្តប់​មន្ទីរពេទ្យ កន្លែង​ធ្វើតេស្ត និង​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​ឆ្នាំនេះ​។ ករណី​ថ្មី​រាប់ពាន់​ករណី​នៃ​ជំងឺឆ្លង​មួយ​នេះ​ត្រូវបាន​គេ​រាយការណ៍​ជា​រៀងរាល់ថ្ងៃ​។

​លោកស្រី ខា​រី ឡាំ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​រយៈពេល​ពីមួយ​ខែ​ទៅ​បី​ខែ​ខាងមុខ​គឺជា​ពេលវេលា​ដ៏​សំខាន់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​មួយ​នេះ​”​។ លោកស្រី ថា “​ជំងឺ​រាតត្បាត​មួយ​នេះ ​កាន់តែ​អាក្រក់​ទៅៗ លើសពី​លទ្ធភាព​របស់​រដ្ឋបាល​ហុងកុង​ក្នុងការ​ដោះស្រាយ​។ ដូច្នេះហើយ ចាំបាច់​ត្រូវមាន​ការគាំទ្រ​ពី​រដ្ឋាភិបាលកណ្តាល​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​នេះ​”៕​