លោក វ៉ូឡូឌីម៉ាយឺ ហ្សេឡេនស្កាយ ប្រធានាធិបតីអ៊ុយក្រែន បានអះអាងថា រុស្ស៊ីអាចនឹងចាប់ផ្តើមធ្វើសង្គ្រាមដ៏ធំនៅអឺរ៉ុបនៅពេលណាមួយនាពេលបច្ចុប្បន្ននេះ ខណៈដែលរុស្ស៊ីបច្ចុប្បន្នបានបង្កើនទ័ពរហូតដល់២០ម៉ឺននាក់និងបានដាក់ពង្រាយនៅក្បែរព្រំដែនជាប់ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានប៊ីប៊ីស៊ីនៅថ្ងៃទី២៤ កុម្ភៈនេះ។
ប្រឈមនឹងមុខស្ថានការបែបនេះ លោក វ៉ូឡូឌីម៉ាយឺ ហ្សេឡេនស្កាយ បានផ្តើមធ្វើការចរចាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាដឺមៀរ ពូទីន តាមប្រព័ន្ធទូរស័ព្ទដើម្បីបន្ធូរបន្ថយស្ថានការណ៍តានតឹងរវាងប្រទេសទាំងពីរ។ តែទោះបីជាយ៉ាងនេះក្តី លោក ហ្សេឡេនស្កាយ ថា មិនទទួលបានការឆ្លើយតបអ្វីទាំងអស់។
មេដឹកនាំអ៊ុយក្រែនរូបនេះ បាននិយាយថា រុស្ស៊ីបានបញ្ជូនទាហានរបស់ខ្លួនប្រមាណ២០ម៉ឺននាក់ បូករួមទាំងរថយន្តប្រយុទ្ធរាប់ពាន់គ្រឿងនិងបានដាក់ពង្រាយនៅព្រំដែនជាប់ប្រទេសអ៊ុយក្រែន។
ក្នុងកាលទេសៈបែបនេះ លោកប្រធានាធិបតីអ៊ុយក្រែន បានអំពាវនាវឱ្យប្រជាជនរុស្ស៊ីជួយទប់ស្កាត់កុំឱ្យមានសង្គ្រាមកើតឡើងរវាងរុស្ស៊ី និងអ៊ុយក្រែន ដោយលោកបាននិយាយថា ពលរដ្ឋរុស្ស៊ីត្រូវបានគេកុហករឿងអ៊ុយក្រែន។ លោក ថា “តើអ្នកណាអាចបញ្ឈប់ (សង្គ្រាម) បាន? ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋទាំងនេះស្ថិតក្នុងចំណោមអ្នក ខ្ញុំប្រាកដ” ។
តែទោះបីជាយ៉ាងនេះក្តី លោក បានបញ្ជាក់ថា ប្រទេសរបស់លោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវាយប្រហាររបស់រុស្ស៊ី ដោយប្តេជ្ញាថា “ប្រសិនបើពួកគេ [រុស្ស៊ី] វាយប្រហារ ប្រសិនបើពួកគេព្យាយាមដណ្តើមយកស្រុករបស់យើង សេរីភាពរបស់យើង ជីវិតរបស់យើង ជីវិតរបស់កូនយើង យើងនឹងការពារខ្លួនយើង”៕