ភ្នំពេញ ៖ កម្ពុជានិងអង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិ បាននិងកំពុងពិភាក្សាគ្នា អំពីការពិនិត្យលទ្ធភាពឱ្យមានការសិក្សាបែបវិទ្យាសាស្ត្រ ដើម្បីជំរុញការងារអភិរក្សសត្វ និងរុក្ខជាតិនៅកម្ពុជា ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់។នេះបើយោងតាម ជំនួបរវាងលោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយ ជាមួយ តំណាងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម។
ក្នុងឱកាសនោះ តំណាងអង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិ បានលើកឡើងពីសំណើបង្កើនកិច្ចសហប្រតិបត្តិការ និងការសហការគាំទ្រ ក្នុងការចូលរួមអភិរក្សសត្វ និងរុក្ខជាតិនៅកម្ពុជា។
ជាការឆ្លើយតប លោកឌិត ទីណា បានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការលើការងារអភិរក្សនេះ និងអនុញ្ញាតឱ្យអនុវត្តទៅតាមផែនការដែលរៀបចំឡើង ដោយត្រូវជួបពិភាក្សាបន្ថែមជាមួយក្រុមការងារជំនាញដើម្បីធ្វើការរួមគ្នា។
ជាមួយគ្នានោះលោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីគម្រោងអភិរក្សមួយចំនួនដែលបាននិងកំពុងដំណើរការ ដូចជាការអភិរក្សសត្វផ្សោតនៅខេត្តក្រចេះនិងស្ទឹងត្រែង ការអភិរក្សដំរីនៅរតនគិរី និងការការពារប្រភេទពូជរុក្ខជាតិលម្អកេសរកូលជាដើម។
លើសពីនេះទៀត ភាគីទាំងពីរ «បានលើកឡើងអំពីការពិនិត្យលទ្ធភាពឱ្យមានការសិក្សាបែបវិទ្យាសាស្ត្រ ដើម្បីជំរុញការងារអភិរក្សនេះ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់»៕