ភ្នំពេញ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ មានការរកឃើញករណីជំងឺឆ្លងភ្នែកក្រហម កំពុងកើតថ្មីគួរឱ្យកត់សម្គាល់ក្នុងបណ្តាខេត្តមួយចំនួននៅប្រទេសកម្ពុជា។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល។
សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ក្នុងខណៈនេះក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល មន្ទីរសុខាភិបាល ស្រុក ប្រតិបត្តិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព បានចុះអង្កេត ឆ្លើយតប តាមដាន ផ្តល់ការព្យាបាល និងអប់រំបង្ការការ ឆ្លងរាលដាល ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា រោគសញ្ញាជំងឺឆ្លងភ្នែកក្រហម រួមមាន៖ នៅផ្នែកសនៃភ្នែក ឡើងពណ៌ផ្កាឈូក ឬពណ៌ក្រហម ហើមត្របក ភ្នែកជាពិសេសនៅពេលព្រឹកមានហូរទឹកភ្នែកច្រើនជាងមុន រកាំភ្នែកដោយសារមានអារម្មណ៍ថាមានអ្វីនៅក្នុងភ្នែក ឬ ចង់ញីភ្នែក រមាស់ភ្នែក រលាក និង/ឬក្រហាយភ្នែក មានអាចម៍ភ្នែក (ពណ៌ខ្ទុះ ឬពណ៌ទឹកបាយ) ឈឺគ្រាប់ភ្នែក ។ល។
ជំងឺភ្នែកក្រហមនេះបណ្តាលមកពីមូលហេតុធំៗមួយចំនួនរួមមាន ទី១. បង្កដោយវីរុស៖ អាចកើតមានលាយឡំជាមួយនឹងជំងឺផ្តាសាយ ឬជំងឺផ្លូវដង្ហើមផ្សេងទៀត ចាប់ផ្តើមក្នុងភ្នែកម្ខាង ហើយអាចរាលដាលដល់ភ្នែកម្ខាងទៀតក្នុងរយៈពេលតែប៉ុន្មានថ្ងៃ ,មានហៀរទឹកចេញពីភ្នែក តែមិនខាប់ទ។
ទី២. បង្កដោយបាក់តេរី៖ ភាគច្រើនមានអាចម៍ភ្នែក ដែលអាចនាំឱ្យត្របកភ្នែកស្អិតជាប់គ្នា។
ចំណាំ៖ ជំងឺភ្នែកក្រហមដោយវីរុសនិងបាក់តេរីឆ្លងលឿនណាស់ រាលដាលយ៉ាងងាយស្រួលពីមនុស្សម្នាក់ទៅមនុស្ស ផ្សេងទៀត។ អ្នកអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺភ្នែកក្រហម ឬការចម្លងទៅអ្នកដទៃដោយអនាម័យល្អ (សម្អាត ដៃឱ្យបានស្អាតជានិច្ច)៕