ភ្នំពេញ ៖ គិតចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋចំនួន៥៨,៦៥៤ គ្រួសារ ស្មើប្រមាណ២៣៤,៦១៦នាក់ ក្នុងនោះបានជម្លៀសប្រជាជនចេញចំនួន ២,២៥០គ្រួសារស្មើប្រមាណ៩,០០០នាក់ ក្នុងខេត្តចំនួន១២រួមមាន៖ ខេត្តបន្ទាយមានជ័យ កំពង់ធំ សៀមរាប ព្រះវិហារ ពោធិ៍សាត់ បាត់ដំបង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ ប៉ៃលិន កណ្ដាល និងខេត្តកំពង់ស្ពឺ ស្មើ ៦៣ ក្រុង-ស្រុក និង ២៥៣ ឃុំ-សង្កាត់។ នេះបើយោងតាមរបាយការណ៍ បឋមសង្ខេប របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) ស្តីពី ផលប៉ះពាល់ និងខូចខាតដោយទឹកជំនន់ នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣ ។
តាមរបាយការណ៍ បានឱ្យដឹងថា ស្រូវដែលប៉ះពាល់ក្នុងតំបន់ដែលទឹកពុំទាន់ស្រក នៅពុំទាន់បានវាយតម្លៃការខូចខាតនៅឡើយនោះទេ។ ចំពោះហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៅពេលទឹកស្រក ក្រសួងជំនាញនឹងធ្វើការវាយតម្លៃ។
ដោយឡែកចំពោះ ការអន្តរាគមន៍ឆ្លើយតប សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់អង្ករចំនួន ១០០តោនដល់ខេត្តពោធិ៍សាត់ តាមរយៈ អ្នកឧកញ៉ា ទ្រី ភាព ។សម្រាប់ ប្រព័ន្ធស្បៀងបម្រុងកម្ពុជា ក្រុមការងារថ្នាក់ជាតិរបស់រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជា អង្គការដៃគូជាតិ អន្តរជាតិ និង សប្បុរសជន បានចូលរួមផ្តល់អំណោយសង្គ្រោះដល់គ្រួសារដែលទទួលរងគ្រោះ និងមានជីវភាពខ្វះខាត សរុបប្រមាណ ១០,២៧៦គ្រួសារ។ ជាមួយគ្នានោះ ប្រព័ន្ធស្បៀងបម្រុងកម្ពុជា ក៏បានបញ្ចេញពូជស្រូវជួយ ដល់បណ្តាខេត្ត ដែលទឹកបាន ស្រកទាំងស្រុង និងបានធ្វើការវាយតម្លៃការខូចខាតរួចរាល់ ដើម្បីធ្វើការស្ដារឡើង វិញចំនួន ៤៥៤តោន។
លើសពីនេះទៀត ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានផ្តល់ជាសម្ភារៈទឹកស្អាត ដល់ប្រជាពលរដ្ឋចំនួន ១,០៦២គ្រួសារក្នុងខេត្តចំនួន២ (ខេត្តកំពង់ធំ ៦៦៥គ្រួសារ និងខេត្តកំពង់ស្ពឺ ៣៩៧គ្រួសារ)។
ស្របពេលជាមួយគ្នានោះដែរ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានផ្ដល់ការ៉ុងសម្រាប់ច្រកខ្សាច់ចំនួន១០,០០០ការ៉ុង ដល់ខេត្តពោធិ៍សាត់។
សូមបញ្ជាក់ថា ពាក់ព័ន្ធជាមួយបញ្ហាគ្រោះទឹកជំនន់នេះ កាលពីព្រឹកមិញ ថ្ងៃទី១៩ ខែតុលាឆ្នាំ២០២៣នេះ លោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកំលាំងក្រោមឱវាទចុះសួរសុខទុក្ខ ប្រជាពលរដ្ឋរស់នៅតាមបណ្តោយមាត់ស្ទឹងព្រែកត្នោត ដែលកំពុងរងនូវជំនន់ទឹកភ្លៀងលិចផ្ទះសម្បែង។ ក្នុងឱកាសនោះ លោកអធិការបាននាំយកនូវអាហារសំរន់ព្រមទាំងទឹកបរិសុទ្ធមួយចំនួនចែកជូនប្រជាពលរដ្ឋផងដែរ។ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់លំនៅដ្ឋានដោយសារទឹកជំនន់ស្ទឹងព្រែកត្នោតចំនួន ៧១គ្រួសារមកពីភូមិសេរីដីដុះ សង្កាត់ព្រៃវែង។