កូរ៉េ៖ ពិតជាមហាកិត្តិយស ក៏ក្រៃលែងបំផុតសម្រាប់ប្រជាជាតិខ្មែរទាំងមូល កីឡាការិនីជម្រើសជាតិដ៏មានទេពកោសស្យ ផ្នែកប៊ីយ៉ាការ៉ុមរបស់កម្ពុជា ស្រួង ភាវី បានទទួលពានរវង្វាន់វប្បធម៌បង្រួបបង្រួមជាតិ និង ពហុវប្បធម៌ និង បុគ្គលឆ្នើម ពីក្រសួងព័ត៌មាន កាសែត ទស្សនាវដ្តី ។
កីឡាការិនី ស្រួង ភាវី បានសរសេរនៅលើទំព័រហ្វេសបុកនៅថ្ងៃទី ៦ ខែតុលានេះថា «ថ្ងៃនេះជាមហាកិត្តិយសដ៏ក្រៃលែង សម្រាប់រូបនាងខ្ញុំ ក៏ដូចជាប្រជាជនខ្មែរទាំងអស់ ដែលខ្ញុំត្រូវបានរដ្ឋាភិបាលកូរ៉េជ្រេីសរេីសឱ្យទទួលពានរង្វាន់ វប្បធម៌បង្រួបបង្រួមជាតិពហុវប្បធម៌ និងពានរង្វាន់ពីក្រសួងព័ត៌មាន កាសែតទស្សនាវដ្ដីដ៏ធំ ក្នុងចំណោមបុគ្គលឆ្នើមចំនួន៦នាក់»។
បើតាម កីឡាការិនី ដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េរូបនេះ អ្នកដែលទទួលបានពានរង្វាន់ វប្បធម៌បង្រួបបង្រួមជាតិពហុវប្បធម៌នេះ គឺជាបុគ្គលដែលទទួលជោគជ័យក្នុងជីវិត និងធ្វើកិច្ចការដែលមានគុណតម្លៃសម្រាប់ជាតិ និងប្រជាជន ហើយបានធ្វើឱ្យជាតិរីកចម្រើនព្រមទាំងបានលេីកកិត្យានុភាពជាតិឱ្យមានភាពល្បីល្បាញថែមទៀតផង។
កីឡាការិនីរូបនេះសរសេរថា ៖«ហេីយសម្រាប់រូបនាងខ្ញុំ បានលេីកកិត្យានុភាពជាតិទាំងពីរ ជាតិកំណេីត និងជាតិស្នាក់អាស្រ័យ។ ហើយពានរង្វាន់ដែលផ្ដល់ពីក្រសួងព័ត៌មាន និងកាសែតពាណិជ្ជកម្មទស្សនាវដ្ដីដ៏ធំ គឺបុគ្គលដែលមានការចុះផ្សាយពីសារព័ត៌មានធំៗ អំពីភាពជោគជ័យក្នុងជីវិត រាល់កិច្ចការដែលជាប្រយោជន៍សម្រាប់សង្គមជាតិ ហេីយមានប្រជាប្រិយភាពខ្លាំងក្នុងប្រព័ន្ធផ្សព្វផ្សាយ។ ការទទួលស្គាល់នេះគឺដំណាងឱ្យជាតិខ្មែរទាំងមូល ព្រោះស្រួង ភាវី ម្នាក់នេះគឺជាកូនរបស់កម្ពុជា ហេីយអាស្រ័យនៅទឹកដីកូរ៉េ កសាងមុខមាត់ កិត្តិយស កេរ្តិ៍ឈ្មោះសម្រាប់ប្រទេសកម្ពុជា»។
ស្ដែងអារម្មណ៍ កូនស្រីកម្ពុជាម្នាក់នេះ នាងពិតជារំភើបក្រៃលែង ដែលមានភព្វសំណាងទទួលបាននូវកិត្តិយសដ៏ថ្លៃថ្លាមួយនេះ ហេីយបានចូលរួមទទួលនូវពានរង្វាន់ដ៏មហាកិត្តិយសនេះ ជាមួយបុគ្គលគំរូ អស្ចារ្យ ល្បីៗ ដែលពួកគាត់សុទ្ធសឹងជាអ្នក កសាងជាតិ ជាអ្នកបង្រួបបង្រួមជាតិ ជាអ្នកអភិបាលឃុំគ្រងប្រទេសជាតិ និងប្រជាជន ហេីយជាអ្នកលេីកមុខមាត់ប្រទេសជាតិ កិត្យានុភាពជាតិ ឱ្យពិភពលោកបានស្គាល់ថែមទៀតផង។
ជាមួយគ្នានេះ កីឡាការិនីឆ្នើមរូបនេះ បានអរគុណដល់រដ្ឋាភិបាលកូរ៉េ និងប្រជាជនកូរ៉េ ដោយសេចក្ដីគោរព៕