ព្រះមហាក្សត្រ បង្ហាញជំនឿថា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ គ្រប់ស្ថាប័នជាតិ នឹងបន្តបំពេញភារកិច្ច តាមតួនាទីរបស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់មានជំនឿយ៉ាងមុតមាំថា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ គ្រប់ស្ថាប័ន ជាតិ នឹងបន្តបំពេញភារកិច្ចតាមតួនាទីរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បី ធានាដល់កិច្ចអភិវឌ្ឍន៍ប្រជាជាតិកម្ពុជា ឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍជាតិឆ្នាំ២០៣០ និង ឆ្នាំ២០៥០ ក្លាយជាប្រទេសរីកចម្រើនរឹងមាំ។

ក្នុងពិធីអបអរសាទរទិវារំលឹកខួប ៣០ឆ្នាំនៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ព្រះករុណា ទ្រង់បានមានព្រះរាជសារ កោតសរសើរ ចំពោះ សមាជិកា នៃក្រុមប្រឹក្សាធម្មនុញ្ញ គ្រប់អាណត្តិ ដែលបានខិតខំបំពេញ ភារកិច្ចរបស់ខ្លួន ក្នុងសតិសម្បជញ្ញៈ ដើម្បីគុណប្រយោជន៍នៃឯករាជ្យជាតិបូរណភាពទឹកដី អធិបតេយ្យភាព សន្តិភាព សេចក្តីសុខ, ជីវភាពសម្បូណ៍សប្បាយថ្កុំថ្កើងរុងរឿងរបស់ប្រជាជាតិ ខ្មែរ និងស្ថិរភាពសង្គម ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។

ជាមួយគ្នានោះ ព្រះករុណាសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់សង្កេតឃើញថា ក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នតុលាការធម្មនុញ្ញ បានបំពេញតួនាទីដ៏ល្អប្រពៃ និងសុក្រឹត្យបំផុត ជាអាជ្ញាកណ្ដាលក្នុងការទំនាក់ទំនងរវាងសា្ថប័ន កំពូលៗរបស់ជាតិ ជាអាទិ៍រវាងនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ជាពិសេសនៅពេល បោះឆ្នោតសកល និងអសកលម្ដងៗ ឱ្យមានដំណើរការយ៉ាងរលូន ក្រោមការដឹកនាំប្រកប ដោយមគ្គុទ្ទេសភាពដ៏ប៉ិនប្រសប់ ឈ្លាសវៃ ទន់ភ្លន់ត្រឹមត្រូវ-យុត្តិធម៌ ម៉ឹងម៉ាត់ និងមានទេព កោសល្យប្រកបដោយបរិយាប័ន្ន របស់ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេច ហេង សំរិន អតីតប្រធានរដ្ឋសភា បច្ចុប្បន្នជាប្រធានកិត្តិយសនៃក្រុម ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ, សម្តេច  ហ៊ុន សែន អតីតនាយក រដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ រក្សាបាននូវសាមគ្គីដ៏រឹងមាំ ធ្វើសហប្រតិបត្តិការគ្នាយ៉ាងជិតស្និទ្ធ ស្មោះត្រង់និងជឿជាក់គ្នាទៅវិញទៅមក មានសុខដុមភាព ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ រហូតទទួលបានជោគជ័យយ៉ាងធំធេងលើគ្រប់វិស័យ ឈានទៅ ទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

លើសពីនេះទៀតព្រះមហាក្សត្រទ្រង់ មានព្រះរាជសារថា «ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ គ្រប់ស្ថាប័ន ជាតិ នឹងបន្តបំពេញភារកិច្ចតាមតួនាទីរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បី ធានាដល់កិច្ចអភិវឌ្ឍន៍ប្រជាជាតិយើង ឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍជាតិឆ្នាំ២០៣០ និង ឆ្នាំ២០៥០ ក្លាយជាប្រទេសរីកចម្រើនរឹងមាំ, ប្រជារាស្ត្រខ្មែរមានជីវភាពធូរធារសម្បូណ៍រុងរឿង រស់ក្នុងសុខសន្តិភាព ស្ថិរភាពជានិច្ចនិរន្តរ៍តទៅ»៕