ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅរកម្ពុជា បន្តជួយគាំទ្រលើកកម្ពស់វិស័យពាណិជ្ជកម្មរវាងកម្ពុជានិងអង់គ្លេសឱ្យកាន់តែកើនឡើង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាប្រទេសទំាងពីរឱ្យបានរឹងមាំនិងគ្រប់ជ្រុងជ្រោយ។
សំណើនេះបានធ្វើឡើងនៅក្នុងឱកាសដែល សម្តេច ឃួន សុដារី បានអនុញ្ញាតិ និងទទួលជួបពិភាក្សាការងារជាមួយ លោក Dominic Williams នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ នៅវិមានរដ្ឋសភា។
នៅក្នុងឱកាសនោះ សម្តេចបានគូសបញ្ជាក់ថា ការចូលរួមចំណែករបស់ភាគីអង់គ្លេស ជាផ្នែកសំខាន់នៅក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា ជាពិសេសការធ្វើឱ្យសម្រេចបាននូវផែនការអភិវឌ្ឍរបស់កម្ពុជា ដែលនឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាមួយគ្នានេះសម្តេចបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអង់គ្លេសដែលបានជួយគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជាតំាងពីដើមរហូតមក ដូចជាវិស័យសង្គម សេដ្ឋកិច្ច ការកំចាត់មីន សាលាក្តីខ្មែរក្រហម និងជាពិសេសការផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជាបានទៅសិក្សានៅចក្រភពអង់គ្លេស។
បន្ថែមពីនេះ សម្តេចបានស្វាគមន៍ការបើកសាកលវិទ្យាល័យរបស់ប្រទេសអង់គ្លេសនៅភ្នំពេញ ដែលជាផ្នែកសំខាន់ក្នុងការរួមចំណែកកសាងធនធានមនុស្សនៅកម្ពុជា។ សម្តេចបានគូសបញ្ជាក់ថា មានយុវជនកម្ពុជាជាច្រើនមានក្តីប្រាថ្នាចង់ទៅសិក្សានៅប្រទេសអង់គ្លេស ប៉ុន្តែនៅពេលនេះអង់គ្លេសបានបើកសាកលវិទ្យាល័យនៅកម្ពុជា ដូចនេះពួកគេនឹងសម្រេចបាននូវក្តីប្រាថ្នារបស់ខ្លួន។
ជាមួយគ្នានេះ សម្តេច ឃួន សុដារី ក៏បានស្នើសុំឯកអគ្គរាជទូតជួយជំរុញទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាប្រទេសទាំងពីរឱ្យបានកាន់តែប្រសើរ និងសកម្មថែមទៀត នៅក្នុងនោះមានការលើកកម្ពស់សមត្ថភាពនិងភាពអង់អាចរបស់ស្រ្តី ការចូលរួមបណ្តុះបណ្តាលធនធានមនុស្ស លើកកម្ពស់សមត្ថភាពមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាក្នុងការផ្តល់សេវាជូនតំណាងរាស្រ្ត ឱ្យកាន់តែមានប្រសិទ្ធភាពនិងការធ្វើទំនើបកម្ម ដោយប្រែក្លាយរដ្ឋសភាទៅជាសភាអេឡិចត្រូនិច “E-parliament” ជាដើម។
សម្តេច ឃួន សុដារី និង ឯកអគ្គរាជទូត បានសម្តែងក្តីពេញចិត្តចំពោះវឌ្ឍនភាពដ៏ប្រសើរនៃចំណងការទូតប្រទេសទាំងពីរ ដែលមានការវិវត្តរីកចម្រើនជាបន្តបន្ទាប់ ដែលបានឈានដល់ខួបលើកទី៧០នៅឆ្នាំនេះ ជាសក្ខីភាពមួយ ឆ្លុះបញ្ចាំងពីភាពស្ថិតស្ថេរនៃទំនាក់ទំនងដ៏ល្អ និងយូរអង្វែងរវាងប្រទេសទាំងពីរ។ កាលពីឆ្នាំកន្លងទៅ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអង់គ្លេស ឈានដល់ចំនួនប្រមាណជិត១ពាន់លានដុល្លារអាមេរិក។
ជាការឆ្លើយតប លោក Dominic Williams បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចរដ្ឋសភាធិបតី និងបានថ្លែងអំណរគុណដែលសម្តេចរដ្ឋសភាធិបតី បានចំណាយពេលវេលាទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមនាពេលនេះ។ ឯកអគ្គរាជទូតបានអបអរសាទរចំពោះសម្តេចរដ្ឋសភាធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជាប្រធានរដ្ឋសភា ជាស្រ្តីដំបូងនៅកម្ពុជា ទទួលតំណែងដ៏សំខាន់នេះ។ ឯកឧត្តម Dominic Williams បញ្ជាក់ថា សម្តេចរដ្ឋសភាធិបតី ជាគំរូសម្រាប់កុមារី និងស្រ្តីនៅកម្ពុជា។
នៅក្នុងឱកាសនេះដែរ ឯកអគ្គរាជទូតរូបនេះ បានជម្រាបជូនសម្តេចប្រធានរដ្ឋសភា ពីគម្រោងជាច្រើន ដែលប្រទេសអង់គ្លេសនឹងជួយដល់កម្ពុជា មានទំាងវិស័យពាណិជ្ជកម្ម ការបណ្តុះបណ្តាលធនធានមនុស្ស សង្គមកិច្ច បរិស្ថាន ជាពិសេសអង់គ្លេសនឹងបន្តជួយបោសសម្អាតមីននៅកម្ពុជារហូតដល់ឆ្នាំ២០២៥៕