ភ្នំពេញ៖លោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំព្រះរាជាណាកម្ពុជា បានធ្វើការបញ្ជាក់ជំហរ ក្នុងការបន្តគាំទ្រកម្ពុជាលើគ្រប់វិស័យ ដើម្បីចូលរួមអភិវឌ្ឍន៍ឱ្យកម្ពុជាកាន់តែរីកចម្រើន តាមរយៈការផ្តល់នូវជំនួយបច្ចេកទេស និងកម្មវិធីអភិវឌ្ឍន៍នានារបស់ខ្លួន។
ក្នុងជំនួបជាមួយ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង លោកស្រី Alissar Chaker បានឱ្យដឹងថា «ខ្ញុំសូមបង្ហាញភាពរីករាយចំពោះវឌ្ឍនភាពលើគ្រប់វិស័យនៅកម្ពុជា និងបង្ហាញជំហរក្នុងការបន្តគាំទ្រចំពោះការអភិវឌ្ឍឱ្យកាន់តែរីកចម្រើន ហើយUNDP គឺជាដៃគូអភិវឌ្ឍន៍សំខាន់មួយរបស់កម្ពុជា តាមរយៈការផ្តល់ជំនួយបច្ចេកទេស និងកម្មវិធីអភិវឌ្ឍន៍នានារបស់ខ្លួន»។
ជាការឆ្លើយតប លោក ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែកកន្លងមករបស់ UNDP និងការខិតខំប្រឹងប្រែងក្នុងការគាំទ្រគំនិតផ្តួចផ្តើម និងគម្រោងផ្សេងៗ ចាប់តាំងពីប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា។ ដោយឡែក ក្នុងវិស័យមុខងារសាធារណៈផ្ទាល់ កិច្ចសហប្រតិបត្តិការតាមរយៈអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងមុខងារសាធារណៈ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ បានអនុញ្ញាតឱ្យភាគីទាំងពីរ សហការរៀបចំកម្មវិធីបណ្តុះបណ្តាលសម្រាប់មន្ត្រីរាជការជាបន្តបន្ទាប់។
ជាមួយគ្នានោះ ភាគីទាំងពីរ បានសម្តែងនូវក្តីសោមនស្សរីករាយ ក្នុងការប្ដេជ្ញាបន្តកិច្ចសហប្រតិបតិ្តការជាមួយគ្នា ស្របតាមអ្វីដែលមានកន្លងមក និងការគិតគូររួមគ្នាពង្រីកវិសាលភាពបន្ថែម ដើម្បីលើកកម្ពស់វិស័យមុខងារសាធារណៈ តាមរយៈការជំរុញនវានុវត្តន៍ក្នុងវិស័យផ្ទាល់ ក៏ដូចជាការទាញប្រយោជន៍ពីប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតប និងបរិយាប័ន្ន៕