លោក ហង់​ជួន ណា​រ៉ុង ដាក់ចេញ​វិធានការ​បង្ការ​ជំងឺ​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង សម្រាប់​មន្ត្រី​អប់រំ​របស់​ក្រសួង

លោក ហង់​ជួន ណា​រ៉ុង រដ្ឋមន្ត្រីក្រសួង​អប់រំ បានដាក់​ចេញ​វិធានការ​ការបង្ការ​ជំងឺ​កូ​វីដ​១ ប្រភេទ​អូ​មី​ក្រុង សម្រាប់​មន្ត្រី​អប់រំ​របស់​ក្រសួង​ដែល​បម្រើការ​នៅតាម​អង្គភាព​ថ្នាក់ជាតិ និង​រាជធានី ខេត្ត ស្រប​ពេលដែល​ក្រសួងសុខាភិបាល​កម្ពុជា​ប្រកាស​ពី​ការរកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង​នេះ មានការ​កើន​ឡើងជា​លំដាប់​។​

​ក្នុង​សេចក្តីណែនាំ​ចុះ​ថ្ងៃទី​១៨ កុម្ភៈ​នេះ លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​ណែនាំ​ឱ្យ​បន្ត​រឹតបន្តឹង​ការប្រុងប្រយ័ត្ន និង​ពង្រឹង​វិធានការ​សុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់​, ការបង្កើន​ការធ្វើ​តេស្ត​រហ័ស​ចំពោះ​មន្ត្រី​ដែល​ចុះ​បេសកកម្ម​តាម​រាជធានី ខេត្ត មុនពេល​ចូល​កន្លែង​ការងារ​វិញ​, ការលើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​ប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ​។​

​ក្នុងនោះ​ត្រូវ​តាមដាន​រាយការណ៍​ចំពោះ​សុខភាព​របស់​មន្ត្រី​, ត្រូវ​ពាក់​ម៉ាស លាងដៃ​ជាប្រចាំ និង​គ្រប់​ច្រកចេញចូល ត្រូវ​កំណត់ឱ្យ​វាស់​ក​ម្ដៅ​ជាប្រចាំ ក្នុងករណី​មិន​អនុវត្តតាម​មិនត្រូវ​អនុញ្ញាតឱ្យ​ចូលក្នុង​បរិវេណ​ជាដាច់ខាត​។​

​លោក​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា ក្នុងករណី​មានការ​សង្ស័យ ឬ​ស​ភាពមិនប្រក្រតី ដែលជា​រោគសញ្ញា​នៃ​ជំងឺ​កូ​វីដ​១៩ ត្រូវ​រាយការណ៍ ឬ​ទូរ​សព្ទ​ទៅ​លេខ ១១៥ ជាបន្ទាន់​។​

​សូម​ជម្រាបជូន​ថា ក្រសួងសុខាភិបាល​កម្ពុ​ជា​នៅ​ថ្ងៃទី​១៨ កុម្ភៈ​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ប្រកាស​ពី​ការរកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង ចំនួន ៤១៤​នាក់ ដែល​លទ្ធផល​បញ្ជា​ក់ដោយ​ម៉ាស៊ីន PCR៕​